(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះថា ករណីដោះលែង មន្រ្តីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥នាក់នាពេលនេះ គឺជាការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែប៉ុណ្ណោះ ចំណែកនីតិវិធីរ​បស់តុលាការ ចំពោះពួកគាត់ នឹងនៅតែបន្តដដែល។ សំណុំរឿងពួកគាត់ នឹងត្រូវយកទៅជំនុំជម្រះ ក្នុងពេលឆាប់ៗនេះ។

លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញផ្នែកចៅក្រម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ចៅក្រមស៊ើបសួរ បានបញ្ចប់ការស៊ើបសួរ ហើយបានសម្រេចបញ្ចប់ការឃុំខ្លួនបណ្តោះអាសន្ន លើអ្នកទាំង៥ ហើយសំណុំរឿងរបស់ពួកគាត់ នៅតែបន្តតាមនីតិវិធីដដែល»។

សូមបញ្ជាក់ថា មន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់នោះ ត្រូវបាន លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យនៅក្រៅឃុំ នាល្ងាចថ្ងៃទី២៩ ខែមិថុនានេះ ហើយពួកគេបានចាកចេញពីពន្ធនាគារទៅជួបក្រុមគ្រួសារបន្ទាប់ពីដីកាតុលាការទៅដល់ពន្ធនាគារ។

មន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់នោះ រួមមាន លោក​ នី​ សុខា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​ និង​ លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ ជាន់​ខ្ពស់​សមាគម​អាដហុក​ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយ​ឡែក​លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ជនសង្ស័យទាំងនេះ ត្រូវ​បាន​តុលាការ​រកឃើញថា​ បាន​បញ្ចុះបញ្ចូល​ ឬ​លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​៕