(ភ្នំពេញ)៖ គិតត្រឹមម៉ោង៧៖២០នាទីនៅថ្ងៃព្រហស្បត្តិ៍ មន្ដ្រីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប សរុបចំនួន៥នាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ។

ភ្នាក់ងារ Fresh News បានរាយការណ៍ពីមុខពន្ធនាគារឲ្យដឹងថា នៅពេលនេះ (៧៖២០នាទី) ពួកគាត់ទាំង៥នាក់ ចេញពីពន្ធនាគារ នៅខាងក្រៅ​ពន្ធនាគារឯណេះវិញ ប្រពន្ធ កូន និងសាច់ញាតិ មិត្តភ័ក្រ របស់ពួកគេជាច្រើននាក់ បានរត់ទៅឱបរំភើបយ៉ាងពន់ពេករហូតដល់សម្រក់ទឹកភ្នែក ក្រោយពីឪពុក ប្ដី របស់ពួកគេមានសេរីភាពឡើងវិញ។

​សូមជម្រាបថា លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ​Fresh News​ថា មន្ដ្រីអាដហុក៤រូប និងអគ្គលេខាធិការរងគ.ជ.ប ត្រូវបានដោះលែង នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ លោក តាំង ស៊ុនឡាយ បានបញ្ជាក់យ៉ាងដូច្នេះថា «ចៅក្រមបានចេញដីកាដោះលែងពួកគេទាំង៥នាក់ ហើយការដោះលែងអាចនឹងធ្វើឡើងនៅថ្ងៃនេះ»។​

សូមបញ្ជាក់ថា លោក​ នី​ សុខា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក​ លោក​ យី​ សុខសាន្ត​ អនុ​ប្រធាន​សមាគម​អាដហុក​ លោក​ ណៃ​ រ៉ង់ដា​ អនុ​ប្រធាន​សមាគម​អាដហុក​ និង​ លោក​ស្រី​ លឹម​ មុន្នី​ មន្ត្រី​ ជាន់​ខ្ពស់​សមាគម​អាដហុក​ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ គុជ​ គឹម​ឡុង​ ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​។ ដោយ​ឡែក​លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ជនសង្ស័យទាំងនេះ ត្រូវ​បាន​តុលាការ​រកឃើញថា​ បាន​បញ្ចុះបញ្ចូល​ ឬ​លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​៕