(ភ្នំពេញ)៖ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា មន្ដ្រីអាដហុក៤រូប និងអគ្គលេខាធិការរងគ.ជ.ប ត្រូវបានដោះលែង នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
លោក តាំង ស៊ុនឡាយ បានបញ្ជាក់យ៉ាងដូច្នេះថា «ចៅក្រមបានចេញដីកាដោះលែងពួកគេទាំង៥នាក់ ហើយការដោះលែងអាចនឹងធ្វើឡើងនៅថ្ងៃនេះ»។
មន្ដ្រីជាន់ខ្ពស់ពន្ធនាគារ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមនៅមុននេះបន្តិចថា «លោកទទួលបានដំណឹងនៃការដោះលែងនេះ ប៉ុន្តែគិតមកត្រឹមម៉ោង០៦៖៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ដីការបស់ចៅក្រមដែលសម្រេចឲ្យដោះលែង មិនទាន់បានបញ្ជូនដល់ពន្ធនាគារនោះទេ»។
សូមបញ្ជាក់ថា លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យទាំងនេះ ត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬលួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕