(សៀមរាប)៖ ផ្ទះមនុស្សធម៌ទី២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ប្រគល់ជូនគ្រួសារ លោកយាយ ពួយ រេន អាយុ៨៧ឆ្នាំ ចាស់ជរាក្រីក្រ គ្មានទីពឹង រស់នៅភូមិកំប្លើប ឃុំគោកដូង ស្រុកអង្គរជុំ។
ផ្ទះមនុស្សធម៌នេះមានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៥ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ និងតតាកប្រវែង ១,៦ម៉ែត្រ។
លោកស្រី គួយ ណាលីន ក្នុងនាមលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រីបានបន្តថា លោកយាយត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ហើយការប្រគល់ផ្ទះនេះ ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង«ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាមួយគ្នានោះ លោកស្រីក៏ផ្ដល់អំណោយសង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន។ ដោយឡែក សម្រាប់លោកតា លោកយាយ ដែលចូលរួមចំនួន៥០នាក់ ម្នាក់ៗទទួលបានថវិកាមួយចំនួនផងដែរ ព្រមទាំង ព្រះតេជគុណ ព្រះនាម សូម សាម៉ន ព្រះអនុគណស្រុកអង្គរជុំ បានឧបត្ថម្ភបន្ថែមនូវថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។
បន្ថែមពីនេះ លោកស្រី គួយ ណាលីន ក៏បានប្រគេនថវិកាផ្ទាល់ខ្លួន ចំនួន១,០០០ដុល្លារ ដល់ព្រះអនុគណស្រុកអង្គរជុំ សម្រាប់សាងសង់សាលាឆទាន វត្តបុស្សល្ហុង ក្នុងស្រុកអង្គរជុំនេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី និងសហការី បានបន្ដចុះជួយសំណេះសំណាលសួរសុខទុក និងនាំយកអំណោយមនុស្សធម៌ជូន លោក ពិស ហេ អាយុ៣៣ឆ្នាំ ទីទ័លក្រខ្លាំង ពិការជើងទាំងពីរ និងដៃខាងស្ដាំ (កម្រើកមិនបាន) ដោយសារជំងឺ និងលោកយាយ ស៊ីន សោត អាយុ៧៨ឆ្នាំ ពិការក្រោកមិនរួច ដោយសារជំងឺ៊
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ លោក ពិស ហេ ទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ឆ្នាំង១ ចាន៥ ស្លាបព្រា៥ និងថវិកា១០ម៉ឺនរៀល ជាមួយប្រតិភូអមដំណើរបាឧបត្ថម្ភថវិកាមួយចំនួនទៀត។ ដោយឡែកចំពោះលោកយាយ ស៊ីន សោត ទទួលបាន ថវិកា៥២ម៉ឺនរៀន ក្នុងនោះថវិកាសាខា២០ម៉ឺនរៀល៕