(ស្វាយរៀង)៖ គ្រោះអគ្គិភ័យដែល បានឆាបឆេះកាស៊ីណូ ឡឺម៉ាកាវ នៅក្រុងបាវិត ខេត្តស្វាយរៀង បានរលត់ទៅវិញហើយ នៅវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថបានជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង និងប្រើទឹកអស់ជាច្រើនរថយន្តផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ទំហំនៃការខូចខាតវិញ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននោះទេ ដោយកំពុងធ្វើការសួរនាំបន្តទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង ត្រូវបានបញ្ជូនទៅជួយអន្តរាគមន៍រួមមាន៖ រថយន្តអធិការក្រុង១គ្រឿង រថយន្តរបស់ស្នងការចំនួន២គ្រឿង រថយន្តរបស់អាវុធហត្ថក្រុងបាវិតចំនួន២គ្រឿង និងរថយន្តរបស់ភាគីវៀតណាមចំនួន៤គ្រឿងផងដែរ។

សម្រាប់មូលហេតុវិញ តាមបុគ្គលិកដែលបម្រើការងារ នៅក្នុងកាស៊ីណូមួយនេះ បានឲ្យដឹងថា សង្ស័យបណ្តាលមកពីជាងផ្សាដែក ដោយបានផ្សាដែក ហើយធ្លាក់កំទេចភ្លើងមកក្រោម បង្កជាអគ្គិភ័យតែម្តង។ បើតាមសមត្ថកិច្ចដដែល សម្រាប់គ្រោះថ្នាក់សង្គមនេះ មិនបណ្តាលឲ្យនរណារងគ្រោះថ្នាក់នោះឡើយ។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៤៖៤០នាទីរសៀលថ្ងៃនេះ ដោយមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់៕