(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានសហការជាមួយសមាគមឧស្សាហកម្មទេសចរណ៍ រៀបចំវេទិកាជួបជុំការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍លើកទី១ អមជាមួយពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងគោលបំណងផ្សព្វផ្សាយប្រកាសថ្មី ស្តីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្នុងអង្គវេទិកានៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ បានបែងចែកការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ជា៤ប្រភេទ រួមមាន៖
១៖ ការីទេសចរណ៍ដែលនាំភ្ញៀវទេសចរទៅកម្សាន្តនៅក្រៅប្រទេសកម្ពុជា (Outbound tour operators)
២៖ ការីទេសចរណ៍ដែលនាំភ្ញៀវទេសចរចូលមកកម្សាន្តក្នុងប្រទេសក្រកម្ពុជា (Inbound tour operators)
៣៖ ការីទេសចរណ៍ដែលនាំភ្ញៀវទេសចរកម្សាន្តក្នុងប្រទេសកម្ពុជា (Domestic tour operators)
៤៖ ភ្នាក់ងារទេសចរណ៍ (Travel Agent)។
អង្គវេទិកាបានដាក់ចេញសេចក្តីថ្លែងការណ៍រួមស្តីពី «ការគាំទ្រវិធានការទប់ស្កាត់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ (Zero Cost Tour)» ហើយប្តេជ្ញាចិត្តរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព គុណភាព និងការទទួលខុសត្រូវ ស័ក្តិសមជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ និង១១លាននាក់ នៅឆ្នាំ២០២៥។
ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពី ការទប់ស្កាត់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យនេះ លោករដ្ឋមន្រ្តី ថោង ខុន បានស្នើឲ្យការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ មគ្គទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវចូលរួមគាំទ្រវិធានការទប់ស្កាត់សកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្តថ្លៃសូន្យ (Zero Cost Tours) និងត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីទេសចរណ៍ ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ពិសេសបង្កើតឱ្យសម្បូរបែបនូវកញ្ចប់ទស្សនកិច្ចបៃតង «Green Package» ដើម្បីចូលរួមដល់ការលើកស្ទួយការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តភាព និងមានការគិតគូអំពីភាពស្អាត និងបៃតង និងជាវិធានការចាំបាច់ប្រយុទ្ធប្រឆាំង Zero Cost Tour។
លោក ថោង ខុន បានប្រកាសដាក់ចេញនូវចលនាប្រឡងប្រណាំងការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ឆ្នើមប្រចាំឆ្នាំលើកទី១ ក្នុងនោះមាន៤ប្រភេទ រួមមាន៖
ទី១៖ ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ឆ្នើម ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា
ទី២៖ ការីទេសចរណ៍ឆ្នើមក្នុងការជំរុញគោលដៅទេសចរណ៍ក្នុងស្រុក
ទី៣៖ ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ឆ្នើមក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ
ទី៤៖ ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ឆ្នើម ក្នុងកិច្ចសហប្រតិបត្តិការល្អ។
លើសពីនេះ លោករដ្ឋមន្រ្តីបានស្នើឱ្យប្រភេទការីទេសចរណ៍ក្នុងស្រុក (Domestic Tour Operator) បង្កើត និងបង្កើនការៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុក ពិសេសការបង្កើតកម្មវិធីដំណើរកម្សាន្តដល់បុគ្គលិក សាស្ត្រាចារ្យ សិស្ស-និសិ្សតឱ្យបានយ៉ាងហោចម្ដងក្នុងមួយឆ្នាំ (ប្រព័ន្ធ Student Pass និង Teacher Pass) និងការបង្កើតប្រព័ន្ធ Chèque-holiday ដើម្បីសម្រេចបាននូវចក្ខុវិស័យទទួលភ្ញៀវទេសចរក្នុងស្រុក ១៩លាននាក់ នៅឆ្នាំ២០២០។
លោក ថោង ខុន ក៏បានស្នើឱ្យការីទេសចរណ៍ និងភ្នាក់ងារចូលរួមអនុវត្តក្នុងផែនការយុទ្ធសាស្រ្តអភវិឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ដែលត្រូវផ្តល់ឱកាសឱ្យបុគ្គលិកទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្របតាមស្តង់ដាសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជា ផ្នែកសេវាកម្មធ្វើដំណើរ (Travel Service) សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ និង១១លាននាក់ នៅឆ្នាំ២០២៥៕