Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្លោះដីធ្លីទំហំ៣៨ហិកតា នៅស្រុកសន្ទុក ដែលមានប្រជាពលរដ្ឋចំនួន៣៣គ្រួសារពាក់ព័ន្ធ នៅថ្ងៃនេះលោក គង់ វិមាន ចុះទៅសម្របសម្រួល និងប្រាប់ថាកុំឲ្យមានអ្នកញុះញង់

29-06-2017 16:26

(កំពង់ធំ)៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះសម្របសម្រួល និងដោះស្រាយទំនាស់ដីរវាងអ្នកទិញដីឯកជន និងប្រជាពលរដ្ឋចំនួន៣៣គ្រួសារ មានចំនួន៣៨ហិចតា នៅចំណុចតំបន់ត្រពាំងប្ញស្សីភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានអូសបន្លាយតាំងពីឆ្នាំ២០១៦មកនោះ។

លោក គួន គឹម តំណាងប្រជាពលរដ្ឋ បានលើកឡើងថា ដីរបស់ពួកគាត់ទាំង៣៣គ្រួសារ មានចំនួន៣៨ហិចតា បានអាស្រ័យផលតាំងពីយូរយាណាស់មកហើយ គឺតាំងពីដូនតាមកម៉្លេះ លុះដល់ឆ្នាំ២០១៦ មានគេយកបង្គោលមកបោះលើដីរបស់ពួកគាត់។ ពេលនោះលោកបានសួរទៅអ្នកបោះថា តើបោះបង្គោលធ្វើអី? ស្រាប់តែអ្នកបោះបង្គោលឆ្លើយថា ដីនេះគេទិញអស់ហើយ។ ពេលនោះពួកយើង បានធ្វើការតវ៉ារហូតដល់ឃុំឲ្យជួយដោះស្រាយ ដោយពួកយើងមិនបានលក់ដីទាំងអស់នេះទេ ទើបពួកយើងមិនព្រម តែចំពោះដីដែលបានលក់ហើយ ពួកយើងមិនទាមទារយកវិញទេ។

លោក សែម សុខឃីម តំណាងឲ្យអ្នកទិញដីបានលើកឡើងថា ការទិញដីនេះខាងលោកបានប្រគល់ឲ្យទៅលោក ស៊ឹម សៀកឡេង ជាអ្នករៀបចំ និងមានឯកសារ គ្រប់គ្រាន់អស់ហើយ។ លោកបានបន្តថា ប្រជាពលរដ្ឋសុំអាស្រ័យផលសិន លោកនឹងព្រមទទួលយកការសម្របសម្រួល ដោយមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ប្រជាពលរដ្ឋនោះឡើយ។

ក្នុងការសម្របសម្រួលលោក គង់ វិមាន បានប្រាប់ទៅអ្នកទិញ ឲ្យប្រគល់ឯកសារទិញលក់ និងហៅអ្នករៀបដី មកបង្ហាញពីទីតាំងដី ឲ្យបានច្បាស់លាស់ដើម្បីឲ្យក្រុមការងារចុច DPS រកដីពិតប្រាកដ។ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានដីពិតប្រាកដ ត្រូវចង្អុលបង្ហាញដីព្រំខ្លួនឯង ដើម្បីផ្ទៀងផ្ទាត់និងអ្នកទិញដី។

លោកបានបញ្ជាក់ថា «មួយវិញទៀត ដីដោះស្រាយទៅបាន លុះត្រាតែម្ចាស់ភាគីទាំងសងខាង ច្បាស់លាស់ខ្លួនឯងទទួលខុសត្រូវខ្លួនឯង ដោយមិនទទួលការញុះញុងពីអ្នកណា ហើយមានឯកសារបញ្ជាក់ច្បាស់លាស់ និងឲ្យឃើញនូវមូលហេតុពិត ដែលបុគ្គលខិលខូចមួយចំនួនពាក់ព័ន្ធ ជាមួយអ្នកបង្ក ហើយចង់យករួចខ្លួន ដោយទុកឲ្យអ្នកទិញ ជាជនរងគ្រោះ ជាមួយបងប្អូនម្ចាស់ដី ដែលមិនបានលក់ដូរតាមការព្រមព្រៀង»៕