(ភ្នំពេញ​)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញប្លង់សាងសង់ នៃមជ្ឈមណ្ឌល​ផ្តល់សេវាព្យាបាលដោយ​ស័្មគ្រចិត្ត​ និងផ្នែកសហគមន៍ដល់អ្នកញៀនគ្រឿងញៀន ដែលគ្រោងនឹងសាងសង់ក្នុងតម្លៃពី៥-៦លានដុល្លារអាមេរិក លើផ្ទៃដី២០ហិចតា ក្នុងនោះមានទាំង​អគារ​រដ្ឋបាល​ មន្ទីរពេទ្យ​ អគារស្នាក់នៅសម្រាប់ស្រ្តី​-បុរស​ អគារបន្សាប​គ្រឿងញៀន និងហេដ្ឋារចនាសម្ព័ន្ធ​ជាដើម មានទីតាំងស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ប្លង់មជ្ឈមណ្ឌលនេះ ត្រូវបានបង្ហាញឡើងដោយលោក កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានគណៈកម្មការកសាងមជ្ឈមណ្ឌល​ផ្តល់សេវាព្យាបាលដោយស័្មគ្រចិត្ត​ និងផ្នែកសហគមន៍ដល់អ្នកញៀនគ្រឿងញៀន​ ក្នុងកិច្ចប្រជុំជាមួយអនុប្រធាន​ និងសមាជិក​គណៈកម្មការកសាងមជ្ឈមណ្ឌល​ នាថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧។

លោក​ កៅ​ ខុនដារ៉ា​ បានថ្លែងថា មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដ៏ធំនេះ នឹងបើកការដ្ឋានសាងសង់នៅខែកក្កដា​ ឆ្នាំ២០១៧ ខាងមុខ ហើយរាជរដ្ឋាភិបាល ក៏កំពុងបន្តស្វែងរកជំនួយពីសប្បុរសជនជាតិ-អន្តរជា​តិ​ និងបណ្តាប្រទេសជាមិត្ត ដើម្បីយកមកទ្រទ្រង់ក្នុងការសាងសង់មជ្ឈមណ្ឌលនេះផងដែរ៕