(ភ្នំពេញ)៖ ទិញផ្ទះ ជាការសម្រេចចិត្តដ៏ធំមួយ ដែលត្រូវការពេលវេលា និងការគិតគូរឲ្យបានហ្មត់ចត់ លើចំណុចមួយចំនួន ដូចជាប្រភេទប្លង់ គុណភាពផ្ទះ ទំហំផ្ទះ ទីតាំង បរិយាកាសជុំវិញ និងការត្រៀមរៀបចំផែនការហិរញ្ញវត្ថុ ។ល។

សម្រាប់អ្នក ដែលទិញផ្ទះលើកដំបូង អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការមិនមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការពិនិត្យរកហានិភ័យ លើប្រភេទប្លង់អចលនទ្រព្យ ដំណើរការឯកសារផ្លូវច្បាប់ផ្សេងៗ ការស្វែងរកស្ថាប័នហិរញ្ញវត្ថុដែលសក្តិសម នឹងប្រាក់ចំណូលជាដើម ។

ការទិញផ្ទះ ជាការផ្តល់សេចក្តីសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារផងដែរ ក៏ដូចជាការនិយោគមួយ ដែលនឹងផ្តល់ប្រាក់ចំណេញ នាពេលអនាគត ហេតុដូច្នេះហើយ ពេលខ្លះយើងមិនចាំបាច់រង់ចាំ រហូតដល់មានប្រាក់ក្នុងដៃគ្រប់ទាំងស្រុង ដើម្បីទិញផ្ទះនោះទេ ដោយយើងអាចស្វែងរកប្រាក់កម្ចី ពីស្ថាប័នហិរញ្ញវត្ថុបាន នេះបើតាមប្រសាសន៍លោក ហេង សក្តា ប្រធាននាយកដ្ឋានឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន (First Finance)  ដែលជាគ្រឹះស្ថានផ្តល់កម្ចីទាក់ទងនឹងលំនៅឋាន ដល់អ្នកដែលមានចំណូលទាប និងមធ្យម។

សម្រាប់ការស្វែងរកស្ថាប័នហិរញ្ញវត្ថុ លោក ហេង សក្ដា បានបន្តថា «អតិថិជន មិនគួរយកអត្រាការប្រាក់តែមួយមុខ មកធ្វើសេចក្តីសម្រេចចិត្ត ក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុធ្វើជាដៃគូនោះទេ ជាពិសេសអ្នកដែលមានចំណូលទាប និងមធ្យម ពួកគាត់គួរតែពិនិត្យ លើចំណុចមួយចំនួនដូចតទៅ៖

ទី១- ពិនិត្យលើវិធីសាស្ត្រក្នុងការបង់សង៖ ថាតើមានលក្ខណៈងាយស្រួល និងសំចៃពេលវេលាដែរឬទេ? ឬរាល់ការបង់សងត្រូវតែបង់នៅការិយាល័យ?

ទី២- ថ្លៃសេវា៖ ក៏ជាចំណែកមួយនៃការចំណាយផងដែរ ដូច្នេះត្រូវសួរថាតើក្រៅពីសេវារដ្ឋបាល នៅមានថ្លៃសេវាអ្វីបន្ថែមផ្សេងទៀតទេដែលត្រូវបង់ដើម្បីទទួលបានប្រាក់កម្ចីទេ?

ទី៣- ពិចារណាអំពី  រយៈពេលនៃប្រាក់កម្ចី៖  ពីព្រោះរយៈពេលកម្ចី អាចជះឥទ្ធិពលដល់ចំនួនប្រាក់បង់សងប្រចាំខែផងដែរ ជាទូទៅការយកកម្ចីរយៈពេលវែងអាចជួយបន្ធូរបន្ថយចំនួនប្រាក់បង់សងប្រចាំខែបាន ។

ទី៤- ពិនិត្យលើលក្ខខណ្ឌ ក្នុងការបង់រំលោះដើម៖ តើលក្ខខណ្ឌទាំងនោះមានភាពស្មុគស្មាញដែរឬទេ? តើអនុញ្ញាតិឲ្យបង់ទំហំប៉ុន្មានភាគរយ នៃកម្ចីក្នុងករណីគាត់មានប្រាក់សម្រាប់បង់រំលោះដើម។

ទី៥-ថាតើអតិថិជនមានសិទ្ធិជ្រើសរើសវិធីសាស្ត្រ នៃការបង់សងដែរឬទេ អាស្រ័យលើលំហូរសាច់ប្រាក់ និងលទ្ធភាពបង់សង គាត់អាចចង់បង់រំលោះប្រចាំខែថេរ ឬអ្នកខ្លះចង់បង់រំលោះដើមថេរ ។

 ទី៦- តើមានលក្ខខណ្ឌអនុគ្រោះដែរឬទេក្នុងករណីពួកគាត់ជួបបញ្ហាហិរញ្ញវត្ថុនៅរយៈពេលខ្លីណាមួយ ដូចជាគាត់អាចផ្លាស់ប្តូរកាលវិភាគបង់ប្រាក់ជាដើម។

លោកបន្ថែមថា ដោយសារកម្ចីទិញផ្ទះភាគច្រើនជាកម្ចី ដែលមានរយៈពេលវែងអាចរហូតដល់១៥ឆ្នាំ ដូច្នេះក្នុងកំឡុងពេលដ៍វែងនេះ​ អតិថិជនអាចជួបប្រទះ នូវបញ្ហាណាមួយជាយថាហេតុ ដូច្នេះការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុ ដែលមានជំនាញត្រឹមត្រូវ ខាងផ្នែកផ្តល់កម្ចីទាក់ទងនឹងលំនៅឋាន ជារឿងដែលសំខាន់ ព្រោះស្ថាប័នទាំងនោះអាចផ្តល់ប្រឹក្សាបន្ថែមទាក់ទងទៅនឹងច្បាប់ទំលាប់ផ្សេងៗបាន។

ព័ត៌មានលម្អិត សូមអញ្ជើញទៅកាន់ទីតាំង ផ្ទះលេខ A15-A17 ក្បែរផ្សារសុវណ្ណា , ផ្លូវ 271, សង្កាត់ទំនប់ទឹក, ខណ្ឌចំការមន រាជធានីភ្នំពេញ,ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ 023 997 937 ៕