(ជាំងស៊ូ-ចិន)៖ ក្រោយពីបានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាព កម្ពុជា-ចិន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួចមក រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មក្រុងវូស៊ី នៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោលើការអប់រំបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស ភាសា និងពាណិជ្ជកម្ម ពីថ្នាក់មូលដ្ឋានដល់ឧត្តមសិក្សា ស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
អនុស្សរណៈខាងលើ ធ្វើឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ រវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយតំណាងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មក្រុងវូស៊ី នៅទីក្រុងវូស៊ី ខេត្តជាំងស៊ូ ដោយផ្តោតលើខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
១៖ ផ្តល់ការបណ្តុះបណ្តាលដល់កម្រិតបរិញ្ញាបត្រ លើមុខជំនាញបច្ចេកទេស ភាសា និងពាណិជ្ជកម្ម ដែលជាតម្រូវការក្នុងតំបន់ និងតម្រូវការទីផ្សាការងារនាពេលបច្ចុប្បន្ន។ នាពេលអនាគត បើមានតម្រូវការ វិទ្យាស្ថាននឹងផ្តល់ការបណ្តុះបណ្តាលដល់កម្រិតអនុបណ្ឌិត (បរិញ្ញាបត្រជាន់ខ្ពស់)។
២៖ រួមគ្នាធ្វើការស្រាវជ្រាវអំពី TVET សេវាបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍គ្រូបង្រៀន។ វិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មវូស៊ី នៃប្រទេសចិន ជាអ្នកផ្តល់ធនធាន និងបណ្តុះបណ្តាលគ្រូបង្រៀន សម្រាប់ក្រសួងការងារកម្ពុជា។
៣៖ សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ដើម្បីលើកកម្ពស់ការទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និងពង្រឹងការជឿជាក់ និងសាមគ្គីភាព។
វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ត្រូវបានសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយភាគីចិន ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ហើយការបង្កើតវិទ្យាស្ថាននេះ ក្នុងគោលបំណងជួយបណ្តុះបណ្តាលជំនាញ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ហើយការបណ្តុះបណ្តាលនេះ មានការទទួលស្គាល់សមត្ថភាព និងស្តង់ដារអប់រំពី វិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មក្រុងវូស៊ី នៃខេត្តជាំងស៊ូ ដែលជាខេត្តដែលមានកំណើនសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។
សូមជម្រាបថា ការចុះអនុស្សរណៈនាពេលនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧ភាគរយ និងប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដូចនេះវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរវឌ្ឍនភាពនេះ ជាពិសេសក្នុងការជំរុញឱ្យមានការរីកចម្រើន លើវិស័យឧស្សាហកម្ម សេវាកម្ម និងផលិតកម្ម។ វឌ្ឍនភាពនេះ មិនអាចសម្រេចទេ ប្រសិនបើខ្វះធនធានមនុស្សដែលមានជំនាញ និងការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យា ពីប្រទេសដែលមានការអភិវឌ្ឍខ្ពស់ តួយ៉ាងដូចជាប្រទេសចិនជាដើម។
ភាគីទាំងពីរក៏បានឯកភាពថា នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការពលកម្មជំនាញ ស្របពេលដែលបច្ចុប្បន្ន នៅកម្ពុជាកំពុងមានការលូតលាស់ផ្នែកឧស្សាហកម្ម និងស្របទៅនឹងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕