(ភ្នំពេញ)៖ សិស្សានុសិស្សចំនួន១២នាក់ នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានទទួលការឧបត្ថម្ហពីក្រុមហ៊ុន MONIN អ្នកបង្កើតរសជាតិលំដាប់អន្តជាតិ ចំនួន២ម៉ឺនដុល្លារ ដើម្បីបន្តការសិក្សានៅសាលាបដិសណ្ឋារកិច្ចនិងទេសចរណ៍ (SoHT) នៃអង្គការដើម្បីភាពញញឹមនៃកុមារ។

ការប្រកាសជាផ្លូវការពីការឧបត្ថម្ហរបស់ក្រុមហ៊ុនខាងលើនេះ បានធ្វើឡើងនៅក្នុងពិធី ប្រកួតប្រជែងជំនាញស្រាក្រឡុកប្រចាំឆ្នាំ និងជំនាញស្រង់ក្លិន ដោយមានការចូលរួម ពីអ្នកតំណាងមកពីក្រុមហ៊ុន MONIN នៅ PSE នាថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០១៧នេះ។ មុននឹងចាប់ផ្ដើម ពិធីប្រកួតប្រជែងនេះ សិស្សានុសិស្សក៏ទទួលបានការបណ្ដុះបណ្ដាល ដោយអ្នកជំនាញច្នៃប្រឌិតផ្នែកភេសជ្ជៈ មកពីក្រុមហ៊ុន MONIN ផងដែរ។

លោក Christophe Bernard Bacot នាយកគ្រប់គ្រងក្រុមហ៊ុន MONIN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានធ្លាប់មកធ្វើទស្សនកិច្ច នៅអង្គការ PSE ដែលជាផ្នែកមួយនៃ ដំណើរទស្សនកិច្ច អាជីវកម្មរបស់លោកនៅរាជធានីភ្នំពេញ លោកបានសម្ដែងការកោតសរសើរ ចំពោះគំនិតផ្ដួចផ្ដើមជួយដល់សង្គមដ៏អស្ចារ្យមួយនេះ គឺជាពិសេស គឺសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ក៏ដូចជាទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសង្គម។

អង្គការដើម្បីភាពញញឹមនៃកុមារ ជាអង្គការមិនរកប្រាក់ចំណេញនៃប្រទេសបារាំង ដែលបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩៥ នៅប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីផ្ដល់អាហារ ជម្រក ការថែទាំសុខភាព ចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់កុមារដែលស្ថិតនៅក្នុងស្ថានភាព គ្រោះថ្នាក់ កុមារដែលរងការរំលោភបំពាន និងកុមារដែលមិនទទួលបានការអប់រំ នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ PSE កំពុងផ្ដល់ជំនួយដល់កុមារជិត៦៥០០នាក់ ក្នុងនោះ​មានកុមារប្រមាណ៣៣០០នាក់ សិក្សានៅតាមសាលារដ្ឋ កុមារ ១១០០នាក់ សិក្សានៅក្នុងកម្មវិធីថ្នាក់ពន្លឿន កុមារ១៥០០នាក់ សិក្សានៅក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកុមារប្រហែល៦០០នាក់ទៀត កំពុងស្ថិតនៅក្នុងកម្មវិធីអប់រំជាក់លាក់ដែលមានដូចជា៖ ថ្នាក់សម្រាប់កុមារដែលមានពិការភាព មណ្ឌលថែទាំកុមារ សុខុមាភាពទារក -ល-៕