(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួច ម៉ូតូរបស់ជនបរទេស​ នៅវេលាម៉ោងទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ត្រី កុល ផល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្តាលនគរបាល​ព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣ទៀបភ្លឺ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួច(លួចម៉ូតូជនបរទេស) មួយបានកើតឡើង។

ក្រោយពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាលសង្កាត់លេខ១ និងសង្កាត់លេខ២ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងឈានទៅដល់ការចាប់ឃាត់ខ្លួនបាន​ជនសង្ស័យចំនួន ០៣នាក់។

លោកស្នងការរងបានបន្តទៀតថា ជនសង្ស័យទាំង៣នាក់រួមមាន៖
១.ឈ្មោះ ខន លាង អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)
២.ឈ្មោះ វ៉ាន់ ណា អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត)
៣.ឈ្មោះ ជា សុខនី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត)។

ក្រោយការចាប់ខ្លួនកម្លាំងនគរបាលបានដកហូតម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ក្រហមលាយស ដែលដែលមានជនរងគ្រោះឈ្មោះ DOLLINGER STEFFEN ERICH ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ សម្រាប់ម៉ូតូត្រូវបាននគរបាល ប្រគល់ជូនជនរងគ្រោះវិញផងដែរ។
ចំពោះជនសង្ស័យទាំង៣នាក់ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។

ជាមួយគ្នានេះនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ស្ថិតនៅក្រុម៣១ ភូមិ០៣ សង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យឈ្មោះ សឿ សឿង អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ។ កម្លាំងនគរបាល បានដកហូតម្សៅសថ្លាចំនួន២កញ្ចប់ធំ ៥កញ្ចប់តូច៕