(ខេត្តចាំងស៊ូ-ចិន)៖ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Wang Quan អភិបាលក្រុងវូស៊ី ខេត្តជាំងស៊ូ និងគណៈប្រតិភូវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មក្រុងវូស៊ី ដើម្បីសុំការគាំទ្រដល់គម្រោងបង្កើត វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈមិត្តភាព កម្ពុជា-ចិន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា។

នៅក្នុងជំនួបពិភាក្សានាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ លោកអភិបាលក្រុងវូស៊ី និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្មក្រុងវូស៊ី បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើត វិទ្យាស្ថាននេះផងដែរ ព្រោះជាឱកាសដ៏ល្អប្រសើរ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ហើយពួកគេក៏សង្ឃឹមថា ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈមិត្តភាពកម្ពុជា-ចិននេះ នឹងជួយរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។

លោក Wang Quan បានលើកឡើងថា តាមបទពិសោធន៍នៃការអភិវឌ្ឍរបស់ទីក្រុងវូស៊ី ដើម្បីឱ្យការអភិវឌ្ឍធ្វើទៅបាន គឺត្រូវមានអង្គការ ឬស្ថានប័នជួយបណ្តុះបណ្តាល ធនធានមនុស្ស ហើយបច្ចុប្បន្ននៅទីក្រុងវូស៊ី មានសាកលវិទ្យាល័យខ្នាតធំ ចំនួន២ និងមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់ជាង២០ ដោយបានយកចិត្តទុកដាក់បង្កើន ធនធានគ្រូបង្រៀន ដើម្បីបង្កើតសាកលវិទ្យាល័យឲ្យកាន់តែច្រើនឡើងថែមទៀត។

លោក Wang បានបន្តថា ការបង្កើតកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ប្រកបដោយនិរន្តរភាព និងភាពជាយុទ្ធសាស្ត្រ ហើយជាមួយនឹងការគាំទ្រពីក្រសួងការងារកម្ពុជា ពិសេសវត្តមានរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង ក្នុងការចុះហត្ថលេខារវាងប្រទេសទាំងពីរ បានលើកទឹកចិត្តដល់ភាគីចិនយ៉ាងខ្លាំង ហើយពិតជាមានទំនុកចិត្តថា នឹងអាចទទួលជោគជ័យបាន។

លោក អ៉ិត សំហេង ពិតជាមានការពេញចិត្តនូវគម្រោងអភិវឌ្ឍន៍នៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ដែលតំបន់នេះ មិនត្រឹមតែជាតំបន់ឧស្សាហកម្មប៉ុណ្ណោះទេ តែក៏ជាតំបន់ដែលបានគិតគូពីកម្មករ ការគោរពច្បាប់ និងបទដ្ឋាននានារបស់ក្រសួងការងារផងដែរ ខណៈនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ មានក្រុមហ៊ុនសរុបចំនួន ១០៩ក្រុមហ៊ុន​ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋបាន ជាង១៦,០០០នាក់។

លោករដ្ឋមន្រ្តីសង្ឃឹមថា កិច្ចសហការត្រីភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសកម្ពុជា-ចិន និងវិទ្យស្ថានវិជ្ជាជីវៈពាណិជ្ជកម្មក្រុងវូស៊ី នឹងផ្តល់ឱកាសបណ្តុះបណ្តាលធនធានមនុស្ស ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះកម្ពុជាបានចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្ស ជាអាទិភាពទី១ និងបានផ្លាស់ប្តូរកម្ពុជាពីប្រទេសដែលមានចំណូលទាប មកប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យភាគីចិនជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរចិន មកកម្ពុជាឱ្យកាន់តែច្រើនផងដែរ តាមរយៈជើងហោះហើរត្រង់ពីខេត្តជាំងស៊ូ មកខេត្តព្រះសីហនុ ដើម្បីសម្រេចបានកម្ពុជាទទួលបានភ្ញៀវទេសចរចិន ១លាននាក់ ក្នុងមួយឆ្នាំ៕