(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកទស្សនៈរបស់មេដឹកនាំបក្សមួយ ដែលនិយាយថាការបង្កើតគណបក្សផ្សេងច្រើន ជាការបំបែកសំឡេងគណបក្សរបស់ខ្លួននោះ គឺជាទស្សនៈដែលខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សផងដែរ។
លោក កែវ រ៉េមី បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុ ដូច្នេះការបង្កើតគណបក្សនយោបាយវាជាសិទ្ធិរបស់គេ សំខាន់ឲ្យតែការបង្កើតនោះ ត្រឹមត្រូវទៅតាមច្បាប់ ហើយការបង្កើតគណបក្សច្រើនយ៉ាងដូច្នេះ គឺជាការផ្ដល់ជម្រើសដ៏សម្រាប់ពលរដ្ឋ។
ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការពិគ្រោះយោបល់ និងវាយតម្លៃពាក់កណ្តាលអាណត្តិ លើការអនុវត្តអនុសាសន៍ក្រោយការត្រួតពិនិត្យជាសកល តាមកាលកំណត់របស់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ លោក កែវ រ៉េមី ថ្លែងយ៉ាងដូច្នេះថា «យើងប្រជាធិបតេយ្យសេរីពហុបក្ស មានសិទ្ធិបង្កើតគណបក្សប៉ុន្មានក៏ដោយ គណបក្សខ្លះឲ្យតែគេបង្កើតគណបក្សផ្សេងទៀត ស្រែកថាគេទៅបំបែកសំឡេងគណបក្សរបស់ខ្លួន ចោទថា គណបក្សហ្នឹងអាយ៉ង់អ្នកនេះ អាយ៉ង់អ្នកនោះ ជាទម្លាក់មួយខុសហើយប្រឆាំងច្បាប់រដ្ឋធម្មនុញ្ញ ប្រឆាំងសិទ្ធិមនុស្សខ្លាំងណាស់»។
ជាមួយនឹងទស្សនៈផ្ទុយពីច្បាប់របស់ប្រទេសកម្ពុជាបែបនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ ផ្ដាំទៅឲ្យពលរដ្ឋដែលជាម្ចាស់ឆ្នោតទាំងអស់ ត្រូវបានពិនិត្យមើលឲ្យបានច្បាស់ពីទស្សនៈរបស់មេដឹកនាំបក្សទាំងអស់នៅកម្ពុជា ព្រោះទស្សនៈខ្លះវាមិនសមស្របទាល់តែសោះ។
សូមជម្រាបថា ចំពោះទស្សនៈដែលថាគណបក្សតូចៗ ឬការបង្កើតច្រើន ដើម្បីជាអាយ៉ង់ក្នុងការបំបែកសំឡេងយ៉ាងដូច្នេះ ត្រូវបានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងក្នុងវេទិកាថ្លែងអំណរគុណដល់ម្ចាស់ កាលពីពេលកន្លងទៅ។ លោក កឹម សុខា បញ្ជាក់ថា គណបក្សនយោបាយនៅកម្ពុជា ដែលធំៗគឺមានតែ២គត់ ក្រៅពីនេះតូចៗទាំងអស់ ហើយលោកថាបក្សតូចៗទាំងនោះបង្កើតឡើងគ្រាន់តែជាអាយ៉ង់បក្សកាន់អំណាចតែប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានប្រាប់ពលរដ្ឋថា សូមកុំបោះឆ្នោតឲ្យគណបក្សតូចៗផ្សេងទៀត ព្រោះវានាំឲ្យមានការបំផ្លាញសន្លឹកឆ្នោតដល់គណបក្សរបស់ខ្លួន។
យ៉ាងណាមិញ ទស្សនៈនេះត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានការខឹងសម្បាយ៉ាងខ្លាំងរហូតដល់ លោកបានដាក់ពាក្យបណ្ដឹងប្ដឹងលោក កឹម សុខា ទៀតផង។ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា គោលបំណងនៃការប្តឹងរបស់លោក គឺចង់ទាមទារ ស្វែងរកសេចក្តីថ្លៃថ្នូរជូន គណបក្សតូចៗ និងគណបក្សយុវជនកម្ពជា ព្រមទាំងឲ្យលោក កឹម សុខា ទទួលខុសត្រូវចំពោះមុខច្បាប់ នូវអ្វីដែលប្រធានគណបក្សសង្គ្រោះជាតិរូបនេះបាននិយាយ ដែលការនិយាយបែបនេះ បញ្ឆេះឲ្យមានការរើសអើងគណបក្សនយោបាយ៕