(ភ្នំពេញ)៖ មន្ទីពេទ្យ «ជោរៃភ្នំពេញ» បានសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធីពិនិត្យ ព្យាបាល និងផ្ដល់ថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺ (ថ្មី) ជំងឺឬសដូងបាតចំនួន៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយមានការពិនិត្យ និងព្យាបាលបានដោយផ្ទាល់ពីសំណាក់ លោកវេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់មកពីមន្ទីរ ពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងនោះផងដែរ លោកគ្រូពេទ្យបានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋ ពីវិធីបង្ការជំងឺឬសដូងបាតផងដែរ។
កម្មវិធីមនុស្សធម៌នេះ ធ្វើឡើងក្នុងការចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួល បានការថែទាំសុខភាព ប្រកបដោយគុណភាពពីសំណាក់លោកវេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីពេទ្យជោរៃក្នុងទីក្រុងភ្នំពេញ។ ជាងនេះទៅទៀត គឺបានជួយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ អំពីសារសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឲ្យបានសមស្របបំផុត។
លោកវេជ្ជបណ្ឌិត ឡឹម វៀត ដុង ឯកទេសជំងឺឬសដូងបាត បានថ្លែងឲ្យដឹងថា ជំងឺឬសដូងបាតជាជំងឺមួយដែលមនុស្ស ភាគច្រើន តែងតែជួបប្រទះហើយ វាកើតឡើងដោយបណ្ដុំសរសៃឈាម នៅកន្លែងបត់ជើងធំ។
លោកវេជ្ជបណ្ឌិបានបន្ដទៀតថា «បច្ចុប្បន្នមិនទាន់មានមូលហេតុច្បាស់លាស់ណាមួយ ដែលបណ្ដាឲ្យកើតជំងឺឬសដូងបាតនេះទេ ប៉ុន្ដែមានកត្តាមួយចំនួន ដែលបង្កឲ្យកើតជំងឺឬសដូងបាតនេះ រួមមាន៖ អ្នកដែលមានសម្ពាធក្នុងពោះខ្លាំងអ្នក ឧស្សាហ៍ មានបញ្ហាទល់លាមក (ក្ដៀន) និងអ្នកមានជំងឺក្អក ឬជំងឺហឺត ឬក៏ការឈរយូរ ឬអង្គុយយូរ ទាំងនេះជាកត្តាដែលបណ្ដាលឲ្យកើតជំងឺឬសដូងបាត »។
លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា របៀបព្យាបាលជំងឺឬសដូងមានដូចជា ឧស្សាហ៍មកត្រួតពិនិត្យនៅពេលដែលវា ស្ថិតនៅក្នុងដំណាក់កាលថ្មីៗ ដើម្បីទប់ស្ដាត់ បរិភោគអាហារឲ្យសមស្រប ដើម្បីជៀសវាងកុំឲ្យមានបញ្ហាទល់លាមក លាងសម្អាតជាប្រចាំ ហើយបើឬសដូងបាតស្ថិតនៅក្នុងដំណាក់កាល ទី២,៣,៤ឬលើសពីនេះគឺត្រូវធ្វើការវះកាត់ជាបន្ទាន់។
ក្នុងនោះផងដែរលោកវេជ្ជបណ្ឌិត បានណែនាំពីវិធីសាស្រ្ដក្នុងការការពារជំងឺឬសដូងបាត គឺចេះរៀបចំរបបសម្រាប់ការ ហូបចុក ធ្វើយ៉ាងណាកុំឲ្យមានបញ្ហាទល់លាមក (ក្ដៀន) លាងសម្អាតជាប្រចាំ ចៀសវាងការអង្គុយច្រើនម៉ោង កុំឲ្យមានសម្ពាធក្នុងពោះជាដើម។
សូមបញ្ជាក់ថា កម្មវិធីពិនិត្យ និងព្យាលបាលជំងឺសប្បុរសធម៌ស្រដៀងនេះ នឹងមានការរៀបចំឡើងជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា ដើម្បីជួយដល់ ប្រជាពលរដ្ឋដែលមានជំងឺ ដោយការពិនិត្យ ព្យាបាលនិងចែកថ្នាំ ដោយឥតគិតថ្លៃ៕