(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ា កំពុងតែចាត់វិធានការតឹងតែងបំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត ដែលចំណាត់ការថ្មីនេះ នឹងត្រូវចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែសីហា ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
វិធានការដែលនឹងត្រូវធ្វើដំបូងនោះ គឺការដាក់ឧបករណ៍តាមដានអ្នកបើកបររថយន្តទាំងអស់នៅតាមដងផ្លូវ ដើម្បីស្វែងរកអ្នកបើកបរលើសល្បឿនកំណត់ រួចហើយធ្វើការកត់ចំណាំទុក និងចាត់វិធានការលើពួកគេទៅតាមច្បាប់នាពេលក្រោយ។ ជាលើកទីមួយ នៃការអនុវត្តន៍ចំណាត់ការក្តៅលើកដំបូងនេះ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងធំៗចំនួនបីនៅសហភាពមីយ៉ាន់ម៉ា ដូចជារដ្ឋធានីណៃពិដោ ទីក្រុងរ៉ង់ហ្គូន និងម៉ាន់ដាឡាយ ដែលមានរយៈពេលសាកល្បងពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា។
តាមច្បាប់ចរាចរណ៍របស់មីយ៉ាន់ម៉ា យានជំនិះធ្វើដំណើរនៅក្នុងរដ្ឋធានីណៃពិដោ ទីក្រុងរ៉ង់ហ្គូន និងម៉ាន់ដាឡាយ តម្រូវឲ្យប្រើប្រាស់ល្បឿនមិនលើសពី ៤៨គីឡូម៉ែត្រក្នុងមួយម៉ោងនោះឡើយ ហើយសម្រាប់ជាយក្រុងវិញគឺអាចបើកបរក្នុងកម្រិតអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់អ្នកល្មើសល្បឿនកំណត់ នឹងត្រូវទទួលការផាកពិន័យ ឬការដាក់ពន្ធនាគារផងដែរ សម្រាប់ករណីបំពានធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តចំនួន ២,៧០៦គ្រឿងបានកើតមានឡើងនៅក្នុងទីក្រុងរ៉ង់ហ្គូន ដោយបានសម្លាប់មនុស្ស ៦២៣នាក់ និងបង្ករបួស ៣,៤១០នាក់៕