(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ ស្ថាប័នកីឡាកំពូលមួយនេះ នឹងរៀបចំដំណើរទស្សនកិច្ចសិក្សា ទៅកាន់ពហុកីឡដ្ឋានមរតកតេជោ ដោយដឹកនាំសិស្ស-និស្សិតជាង ១០០នាក់មកពី ៤សាលាក្នុងរាជធានីភ្នំពេញ ដើម្បីទស្សនាពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ។
អគ្គលេខាធិការរូបនេះបន្ដថា ដំណើរទស្សនកិច្ចនេះ ត្រូវរៀបចំឡើងស្របតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផល និងបុកគ្រឹះសាងសង់កីឡដ្ឋានបាល់ទាត់ធំ នៃពហុកីឡដ្ឋានមរតកតេជោ កាលពីដើមខែមេសាកន្លងទៅ ដើម្បីបំផុសឲ្យសិស្ស-និស្សិតបានយល់ដឹង និងមានមោទនភាព ចំពោះសមិទ្ធផលដ៏ធំ សម្រាប់អភិវឌ្ឍន៍វិស័យកីឡាក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាទៅកាន់ពហុកីឡដ្ឋានមរតកតេជោ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សូមរំឮកថា ពហុកីឡដ្ឋានមរតកតេជោ បានបញ្ចប់គម្រោងសាងសង់ដំណាក់កាលទី១ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅ រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, មណ្ឌលស្នាក់នៅរបស់អត្តពលិក និងទីលានក្រៅសាលមួយចំនួន ហើយបច្ចុប្បន្នគេកំពុងសាងសង់ដំណាក់កាលទី២ គឺកីឡដ្ឋានបាល់ទាត់ដ៏ធំស្ដង់ដារអន្ដរជាតិ ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕