(បន្ទាយមានជ័យ)៖ ដោយសារតែភ្លើងប្រច័ណ្ឌ ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ត្រូវបានប្តីចុង ចិត្តកំណាច យកកាំបិតអារ-ក សម្លាប់ នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ហើយប្ដីកំណាចនោះ បានព្យាយាមយកថ្នាំមកលេប សម្លាប់ខ្លួនតាមក្រោយដែរ តែមិនបានសម្រេចទេ។
សមត្ថកិច្ចកម្ពុជាដែលឈរជើងនៅតំបន់ព្រំដែននេះ ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនាថា ហេតុការណ៍នេះ កើតឡើងនៅក្នុងបន្ទប់ដាក់ឥវ៉ាន់ របស់អាជីវករនោះ ហើយបានបង្កការភ្ញាក់ផ្អើលដល់អ្នកលក់ និងស្នាក់នៅក្បែរនោះយ៉ាងខ្លាំង។ នៅលើសពស្ដ្រីរងគ្រោះ គឺមានស្នាមរបួសក្បាលខាងក្រោយ និងស្នាមរឹត-ក ឯដៃទាំងសងខាងមានស្នាមជាំដោយឡែកនៅកន្លែង កើតហេតុ បានប្រទះខ្សែមួយបន្សល់នៅទីនោះ ដោយសង្ស័យថាត្រូវប្ដីវាយរួចទើបរឹត-កជាក្រោយ ឬអាចមុនស្លាប់ ត្រូវប្តីនោះចងដៃទៅក្រោយក៏ថាបាន។
មន្ដ្រីដដែលបន្ថែមថា បុរសប្ដីចុងដែលបានសម្លាប់ប្រពន្ធ ហើយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេចនោះ មានឈ្មោះ សេង គីមស៊ុន អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ លី ហ្គេចហួយ ហៅធា អាយុ៣៩ឆ្នាំ។ ពួកគេជាអាជីវករលក់ដូរ និងមានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប៉ុន្ដែអ្វីដែលគួរឲ្យអាសូរនោះ គឺបានបង្សល់ទុកកូនប្រុស២នាក់ ដោយម្នាក់ជាកូនប្ដីដើម និងម្នាក់ជាកូនរបស់ប្ដីដែលជាឃាតកតែម្តង។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចថៃ បញ្ជូនទៅសង្គ្រោះសិន រួចកសាងសំណុំរឿងបញ្ជូនចាត់ការតាមច្បាប់ នៅពេលក្រោយទៀត៕