(ភ្នំពេញ)៖ លោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាល របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ត្រូវបានសមាគមជាតិភ្នាក់ងារ អចលនទ្រព្យសហរដ្ឋអាមេរិក (NAR) ទទួលស្គាល់ជាអ្នកជំនាញអចលនទ្រព្យអន្ដរជាតិដំបូងគេរបស់កម្ពុជា (CIPS) បន្ទាប់ពីលោកបានបំពេញការងារយ៉ាងម៉ត់ចត់ ដើម្បីសិក្សាពីការអនុវត្ត អចលនទ្រព្យអន្ដរជាតិ និងការបង្ហាញពីសមត្ថភាពជំនាញ ផ្នែកពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការជូនដំណឹង របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោក វ៉ា វីរៈ គឺជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិតែមួយគត់ ពីប្រទេសកម្ពុជា ដែលអាចធ្វើប្រតិបត្តិការអន្ដរជាតិ និងស្ថិតក្នុងចំណោមភ្នាក់ងារ អចលនទ្រព្យអាជីពកំពូលទាំង ២,៨០០នាក់ទូទាំងសកលលោក។ ចំពោះការទទួលស្គាល់ ជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ របស់ CIPS ខាងលើ គឺមានន័យថា មានជំនាញកម្រិតខ្ពស់ មានការយល់ដឹងជាសកលពីអតិថិជន។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាអ្នកជំនាញអន្តរជាតិ គាត់អាចធ្វើការដោយមានប្រសិទ្ធិភាពជាមួយអតិថិជនជាតិ និងអន្តរជាតិទាំងអស់ រាប់ទាំងអតិថិជនបរទេស ដែលត្រូវការទិញ ឬជួលអចលនទ្រព្យនៅកម្ពុជា ឬជនកម្ពុជា ដែលចង់វិនិយោគនៅក្រៅប្រទេស តែមិនយល់ពីការប្រតិបតិ្តអចលនទ្រព្យនៅប្រទេសផ្សេង ។
ការទទួលស្គាល់ជាអន្តរជាតិនេះ បង្ហាញឲ្យឃើញថា ធនធាន និងសមត្ថភាពរបស់សមាគម CVEA កាន់តែកើនឡើង និងបានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ រហូតមកទល់ពេលនេះ សមាគមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុសារណៈនៃការយោគយល់ជាមួយស្ថាប័ន និងសមាគមផ្សេងៗទៀតក្នុងស្រុកនិងក្រៅស្រុកមួយចំនួនធំ។ មិនតែប៉ុណ្ណោះ សមាគម CVEA ក៏គ្រោងនឹងធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយ សមាគមជាតិភ្នាក់ងារអចលនទ្រព្យសហរដ្ឋអាមេរិក នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានអនុសារណៈយោគយល់គ្នា ត្រូវបានចុះហត្ថលេខាកាលពីរឆ្នាំមុនផងដែរ ។
គួរបញ្ជាក់ថា សមាគមជាតិភ្នាក់ងារអចលនទ្រព្យសហរដ្ឋអាមេរិក(National Association of REALTORS) គឺជាសមាគមពាណិជ្ជកម្មធំបំផុតរបស់អាមេរិក ដែលតំណាងឱ្យសមាជិកចំនួន ១,២លាននាក់ រួមទាំងវិទ្យាស្ថានសង្គម និងក្រុមប្រឹក្សាផ្សេងៗ ដែលពាក់ព័ន្ធនឹងគ្រប់ទិដ្ឋភាពទាំងអស់ នៃឧស្សាហកម្មអចលនៈទ្រព្យ ប្រភេទលំនៅដ្ឋាន និងពាណិជ្ជកម្ម ។ ចំពោះសមាជិកភាពរបស់កម្ពុជា ត្រូវបានបង្កើតឡើងដោយភ្នាក់ងារអចលនទ្រព្យ អ្នកគ្រប់គ្រងអចលនទ្រព្យ អ្នកវាយតម្លៃ អ្នកប្រឹក្សាយោបល់ និងអ្នកដទៃដែលចូលរួមក្នុងវិស័យអចលនទ្រព្យ ។
ដោយឡែកសមាគម CVEA ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យមួយចំនួន ដែលប្រតិបត្តិការនៅកម្ពុជា ។ បេសកកម្មរបស់សមាគម គឺដើម្បីបម្រើដល់សមាជិកទាំងអស់ ឲ្យទទួលបានឱកាស និងទីផ្សារអចលនទ្រព្យប្រកួតប្រជែងនៅកម្ពុជា តាមរយៈការពង្រឹង សមត្ថភាពជំនាញវិជ្ជាជីវៈ លើកកម្ពស់ក្រមសីលធម៌អាជីវកម្ម សុចរិតភាព គណនេយ្យភាព និងបង្កើនតម្រូវការ ទីផ្សារអចលនទ្រព្យ ។ បច្ចុប្បន្នសមាគមមានក្រុមហ៊ុនបានចុះបញ្ជីជាសមាជិកចំនួនជាង ៨០ក្រុម ហើយត្រូវបានគ្រប់គ្រង ដោយក្រុមប្រឹក្សាភិបាល ដែលជាប់ឆ្នោតនិងដឹកនាំដោយប្រធានដែលត្រូវបានជ្រើសតាំងក្នុងរយៈពេល២ឆ្នាំ៕