(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានណែនាំដល់ប្អូនៗសិស្សានុសិស្ស និងពលរដ្ឋជាង៤ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ ចូលរួមស្តាប់សិក្សាបន្ថែម លើការប៉ះពាល់គ្រឿងញៀន។
នៅក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកមិញ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងថា បច្ចុប្បន្ននេះមនុស្សគ្រប់ៗ រូបបានដឹងបានស្គាល់ច្បាស់ និងមិនច្បាស់បញ្ហាគ្រឿងញៀន។ យើងដឹងថា គ្រឿងញៀនមិនមែនជាថ្នាំសំរាប់ប៉ូវកម្លាំង គ្រឿងញៀនមិនមែនសម្រាប់កែប្រែសម្ផស្សឲ្យយើងស្អាត គ្រឿងញៀនមិនជាគ្រឿង ធ្វើឲ្យមនុស្សគ្រប់គ្មាសប្បាយ ផ្ទុយទៅវិញគ្រឿងញៀន គឺបំផ្លាញអ្វីគ្រប់យ៉ាងដូចជាទ្រព្យសម្បតិ្ត កេត្តិយល ពេលវេលា សុខភាព និងបំផ្លាញសង្គមជាតិយើង គ្រឿងញៀនគឺជាអាវុធដ៏សាហាវ ដែលបំផ្លាញគ្រប់បែបយ៉ាង ចំពោះមនុស្សគ្រប់រូបណាដែលហ៊ានប្រើប្រាស់វា មិនថាចាស់ឬក្មេងនោះទេ។
លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានបន្តថា ការអប់រំឲ្យបង្កើនការអប់រំផ្សព្វផ្សាយតាមរយ:ការធ្វើវេទិកាសាធារណៈ តុលាការពិនិត្យទៅ លើការដាក់ទោសទណ្ឌ លើពួកគ្រឿងញៀន ដោយមិនមានការបន្ធូរបន្ថយទោសតាមរយះបុណ្យជាតិធំៗ ការបញ្ជូនអ្នកញៀនគ្រឿងញៀន ឲ្យទៅទទួលយកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពន្ធនាគារត្រូវញែកឲ្យដាច់អ្នកទោសគ្រឿងញៀនឲ្យនៅដាច់ពីគេ ពង្រឹងកិច្ចសហការជាអន្តរជាតិ ក្នុងការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែន។ ល។
លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានបញ្ជាក់ថា ជាមួយគ្នានោះយើងត្រូវតែអនុវត្តន៍ឲ្យបាននូវយុទ្ធសាស្ត្រជាច្រើនដូចជាទី១៖ ពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន តាំងពីថ្នាក់ខេត្ត ស្រុក ឃុំសង្កាត់, ទី២៖ បង្កើតនូវអនុគណៈកម្មាធិការដើម្បីដោះស្រាយមាន អនុគណកម្មការអប់រំផ្សព្វផ្សាយ អនុគណកម្មការអនុវត្តច្បាប់ និងអនុគណកម្មការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, ទី៣៖ ពង្រឹងយន្តការ និងប្រសិទ្ធភាពការងារការិយាល័យទំនាក់ទំនងព្រំដែន BLO ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន, និងទី៤៖ រៀបចំផែនការ និងហិរញ្ញវត្ថុសម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ប្អូនស្រី ជា វ៉ាន់នី ជាសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យសម្តេចឪ បានប្រាប់ថា ខ្លួនខ្ញុំមិនដែលបានស្គាល់គ្រឿងញៀន ហើយខ្ញុំមិនចង់សាកល្បងដែរ ខ្ញុំមិនចង់ឲ្យសង្គមកម្ពុជាយើងស្អប់យើងដែរ ខ្ញុំសូមអំពាវនាដល់មនុស្សគ្រប់រូប ជៀសឲ្យឆ្ងាយជៀសឲ្យផុយពីគ្រឿងញៀន៕