(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្ដន្ទាទោសឈ្មួញឈើជាស្ត្រីវៀតណាមដ៏ល្បីល្បាញ ប្រចាំខេត្តស្ទឹងត្រែងដោយដាក់ពន្ធនាគារ កំណត់២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល ក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូនអនុផលព្រៃឈើដោយខុសច្បាប់។ នេះបើតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ។
ជនជាប់ចោទដែលត្រូវតុលាការផ្ដន្ទាទោសនេះ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ឈ្មោះ ហេង សុខនាង ហៅយាយព្រឿង ជាជនជាតិវៀតណាម រកស៊ីទិញលក់ឈើនៅខេត្តស្ទឹងត្រែង រាប់ឆ្នាំមកហើយ កន្លងមកគ្មានសមត្ថកិច្ចណាហ៊ានចាប់ឡើយ។
សូមបញ្ជាក់ថានៅក្នុងសវនាការ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧កន្លងមក ជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានទៅ រំដោះឈើពីស្នាក់ការមេព្រៃនៅអូរពងមាន់នោះទេ ហើយមូលហេតុដែលខ្លួន និងបក្ខពួកចូលទៅស្នាក់ការមេ ព្រោះនោះគឺទៅពិនិត្យមើលឈើដែល មន្ត្រីអ.ហឈ្មោះ អិត បានហៅអោយទៅទិញឈើចំនួន៤ដុំប៉ុណ្ណោះ ។ ហើយនៅពេលដែលគាត់កំពុងនិយាយជាមួយមន្ត្រី មេព្រៃម្នាក់ ស្រាប់តែមន្ត្រី អ.ហ ដែលយាមឈើបានចាប់ខ្លួនគាត់តែម្ដង។ ពេលនោះគាត់ភ័យពេកបានស្រែកអោយកម្មករជួយ តែពេលកម្មករមកជួយ ក៏ត្រូវមន្ត្រីអ.ហបាញ់កាំភ្លើងឡើងលើ គំរាមមួយគ្រាប់ ធ្វើអោយពួកកម្មករភ័យរត់ចេញបាត់អស់ទៅ ។
តាមអង្គហេតុដែលតុលាការ បានជំនុំជំរះព្រះរាជអាជ្ញាបានចោទប្រកាន់ឈ្មោះ ហេង សុខនាង ហៅយាយព្រឿងពីបទ ប្រមូលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត បទប៉ុនប៉ងលួច និងបទប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា ៩៨ នៃច្បាប់ព្រៃឈើ និងមាត្រា៣៦៦ មាត្រា៥០៣នៃក្រមព្រហ្មទណ្ឌ ។ ក្នុងនោះក៏មានមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ចំនួន៥នាក់ ត្រូវបានតុលាការកោះហៅអោយ ចូលខ្លួនមកឆ្លើយបំភ្លឺជាសាក្សី ប៉ុន្តែមន្ត្រីព្រៃឈើសុទ្ធតែឆ្លើយដូចៗគ្នាថា មិនដឹងមិនស្គាល់ម្ចាស់ឈើដែលអាវុធហត្ថចាប់នោះទេ ។
មន្ត្រីអាវុធហត្ថផ្នែកបង្ក្រាបបទល្មើសព្រៃឈើ បានឆ្លើយបំភ្លឺថានៅថ្ងៃកើតហេតុ នាវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានរថយន្តសាំងយ៉ុងមួយគ្រឿង មានមនុស្សប្រុសចំនួន៦នាក់ និងរថយន្តកាមរីបាឡែនមួយគ្រឿងទៀត បានបើកចូលមកក្នុងបរិវេណស្នាក់ការរដ្ឋបាលព្រៃឈើ ក្នុងគោលបំណងរំដោះយកឈើដែលរឹបអូសពីថ្ងៃ ។ ឃើញសកម្មភាពមិនប្រក្រតីដូច្នេះខ្លួន ក៏ទូរស័ព្ទទៅមេបញ្ជាការ ហើយមេបញ្ជាការបានបញ្ជាអោយឃាត់ខ្លួន អ្នកចូលមកនោះឈ្មោះយាយព្រឿង ។
បន្ទាប់មកខ្លួនក៏បិទទ្វារចាប់យាយព្រឿងតែម្ដង ដោយក្នុងពេលនោះយាយព្រឿង បានស្រែកអោយកូនចៅជួយ ពួកគេក៏បើកឡានចេញមកវិញ មានមនុស្សប្រុស៥នាក់ចុះពីឡាន តែពេលនោះខ្លួនក៏បាញ់កាំភ្លើងឡើងលើមួយគ្រាប់ ធ្វើអោយកូនចៅយាយព្រឿងរត់ចូលព្រៃបាត់អស់ទៅ។
ក្នុងរឿងក្ដីនេះ ទោះបីយាយព្រឿងមិនសារភាពក៏ដោយ តែតំណាងអយ្យការ លោក សេង ហៀង នៅតែរក្សាទុកបទចោទប្រកាន់ដដែល ហើយស្នើអោយចៅក្រមសម្រេចតាមច្បាប់ ។ លោកពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជំរះ បានសម្រេចលើកពេលមកប្រកាស សាលក្រមនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ។
សូមបញ្ជាក់ថា សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីរៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ បាននាំខ្លួនមេក្លោងឈ្មួញឈើ នៅភូមិភាគឦសាន នៃប្រទេសកម្ពុជាមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ក្រោយពីមានការផ្ទេរសមត្ថកិច្ចតុលាការ ពីខេត្តស្ទឹងត្រែង មកកាន់តុលាការទីក្រុងភ្នំពេញ។ ឈ្មួញឈើរូបនោះឈ្មោះ ហេង សុខនាង ហៅយាយព្រឿង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម អាសយដ្ឋានស្នាក់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង៕
យាយព្រឿង និងរថយន្តដឹកឈើរបស់គាត់ត្រៀមដឹកចេញមុនចាប់ខ្លួន