(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ម្ចាស់ភោជនីដ្ឋាន ហាងការ៉ាអូខេ សិស្សានុសិស្ស ប្រមាណ២០០០នាក់ បានប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង និងគ្រឿងញៀន ក្រោមប្រធានបទ (ត្រូវស្តាប់កូនចៅ និងយុវជន គឺជាជំហ៊ានដំបូងដើម្បីជួយពួកគេឲ្យលូតលាស់ប្រកបដោយសុខភាព និងស្ថេរភាព)។
លោក វ៉ី សំណាង បានថ្លែងថា ក្នុងនាមយើងជាកងកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ មន្ត្រីរាជការ លោកគ្រូ អ្នក សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នងមូលទាំងអស់ «យើងត្រូវចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងដាច់ខាតចំពោះគ្រឿងញៀន ដើម្បីលុបបំបាត់រាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន របស់យើង និងដើម្បីរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋដូច្នេះចំពោះបញ្ហាគ្រឿងញៀន គឺជាបញ្ហាចំបងដែលធ្វើឲ្យកើតមានអំពើចោលកម្ម បង្ហអំពើហិក្សា និងការរំលោភបំពានផ្លូវភេទជាដើម»។
នាឱកាសនោះលោក វ៉ី សំណាង បានបន្តថា មានតែយើងជាកងកម្លាំងទាំងអស់រួម និងប្រជាពលរដ្ឋ ម្ចាស់ហាងខារ៉ាអូខេ បៀរហ្គាឌិន សិស្សានុសិស្សទាំងអស់នាំគ្នាប្រយុទ្ធប្រឆាំងដាច់ខាតចំពោះគ្រឿងញៀន ដោយក្នុងនោះត្រូវពិនិត្យមុខសញ្ញាប្រើប្រាស់គ្រឿងញៀនយកមកអប់រំ ធ្វើកិច្ចសន្យាដើម្បីនាំទៅព្យាបាលស្តារនីតិសម្បទា នៅមណ្ឌលកែប្រែ ហើយបើមានករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមវិធានការច្បាប់ឲ្យខានតែបាន។
លោកអភិបាល បានបញ្ជាក់ថា យើងនាំគ្នាអនុវត្តយន្តការដែលមានស្រាប់ ហើយបញ្ជៀបតាមរយះការអប់រំ ការផ្សព្វផ្សាយ ឲ្យអ្នកទាំងនោះបានយល់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងជាពិសេសមេគ្រួសារនិមួយៗ ជួយអប់រំដល់កូនចៅ របស់ខ្លួនបានជ្រាបអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «សូមប្អូនៗ ទាំងអស់ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះវាជាអាវុធដែលបំផ្លាញអនាគតរបស់ខ្លួន ក្រុមគ្រួសារ ខាត់បង់ទ្រព្យសម្បត្តិ ហើយធ្វើឲ្យខ្លួនប្រឈមមុខនឹងផ្លូវច្បាប់ព្រហ្មទណ្ឌដែលអាចឲ្យជាប់ពន្ធនាគារផងដែរ»។
យោងតាមមាត្រា៤៨ បានចែងថាការកាន់កាប់ ការរក្សាទុក ការចរាចរ ការប្រើប្រាស់គ្រឿងញៀន និងសកម្មភាពប្រហាក់ប្រហែលផ្សេងទៀត ដោយខុសច្បាប់នូវសារធាតុញៀន គឺជាអំពើរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ឬការបញ្ជូនតាមគ្រប់រូបភាពដែលនាំឲ្យមានការផ្លាស់ទី ពីទីកន្លែងមួយទៅកន្លែងមួយទៀត ពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត ឬពីប្រទេសមួយទៅប្រទេសមួយទៀតដោយខុសច្បាប់ នូវសាធាតុញៀន ជាអាទ៏ តាមរយៈការផ្ញើ ការធ្វើចរាចរការនាំចូល គឺជាអំពើដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។ ការផ្តល់ទីតាំងសម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ ការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន គឺជាអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ដែលត្រូវផន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ។ ក្រៅពីទោសដាក់ពន្ធនាគារជនល្មើសអាចត្រូវទទួលបន្ថែមនូវទោស ពិនយ័ជាប្រាក់ពី៤.០០០.០០០ (បួនលាន) រៀល ទៅ ១0.០០០.000 (ដប់លានរៀល) រៀល។
លោក សរ សុពុត្រា លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានផ្តល់របាយការណ៍ថាគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ស្ពឺ ដែលមានស្នងការនគរបាលខេត្ត កងរាជអាវុធខេត្ត និងតំបន់ប្រត្តិការសឹករងខេត្ត សហការណ៍ជាមួយ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អំពីដំណើរផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន ដល់មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ កម្មករ កម្មាការិនី សិស្សបានជិត១០០០លើក ដែលមានមនុស្សចូលរួមជាង៤ម៉ឺននាក់ទូទាំងខេត្ត៕