(មណ្ឌលគិរី)៖ មន្រ្តីជំនាញនៅខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សម្រាប់សិប្បកម្មរបស់សហគមន៍សិប្បកររ៉ែមាស ដែលកំពុងធ្វើសកម្មភាពនៅឃុំចុងផ្លាស់ ស្រុកកែសីមា ដែលអភិបាលខេត្តលោក ស្វាយ សំអ៊ាង បញ្ជាឲ្យចុះទៅស្រាវជ្រាវនោះ ជាលទ្ធផលរកឃើញមានច្បាប់ទម្លាប់ត្រឹមត្រូវពីមន្ទីរ និងមន្រ្តីពាក់ព័ន្ធ ប៉ុន្តែក្រុមមន្រ្តីទាំងនេះ ជំរុញឲ្យកែលំអរលើបញ្ហាបច្ចេកទេសកាន់តែប្រសើរឡើង កុំឲ្យមានប៉ះពាល់ដល់បរិស្ថាន ខណៈប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ បាននិងកំពុងប្រកបក្នុងរបរមួយនេះ ដើម្បីចិញ្ចឹមជីវិត។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារអង្គភាព Fresh News នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីក្រុមមន្រ្តីជំនាញចុះទៅស្រាវជ្រាវលើសិប្បកម្មសហគមន៍រ៉ែមាសនៅឃុំចុងផ្លាស់ តាមការបញ្ជា និងការចាត់តាំងរបស់អភិបាលខេត្តរួចមក ក្រុមការងារបានពិនិត្យឃើញថា សិប្បកម្មទាំងនេះមានច្បាប់ និងលិខិតស្នាមត្រឹមត្រូវ ប៉ុន្តែក្រុមការងារក៏បានណែនាំដល់ម្ចាស់អាជីវកម្មខិតខំពង្រឹងការងារមួយនេះ កាន់តែប្រសើរឡើង ដើម្បីកុំឲ្យមានការប៉ះពាល់ដល់សង្គម និងបរិស្ថានផ្សេងទៀត។
បើតាមលោកប្រធានមន្ទីររ៉ែ នៅទីនោះប្រជាពលរដ្ឋមិនតិចជាង៣ពាន់នាក់ ដែលកំពុងប្រកបរបរមួយនេះ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគាត់រាល់ថ្ងៃ។ ករណីមួយទៀតនោះ បើទោះមានកម្មករជនជាតិវៀតណាម ប៉ុន្តែគឺមានលិខិតស្មាមត្រឹមត្រូវសម្រាប់ការស្នាក់នៅ និងធ្វើការ ខណៈមន្រ្តីនគរបាលអន្តោប្រវេសន៍ខេត្ត បានចុះទៅពិនិត្យមើលជាប្រចាំ។
ជាមួយគ្នានេះលោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានបញ្ជាក់ផងដែរថា កាកសំណល់អាចម៍ដីរ៉ែនោះ គឺនៅសល់តាំងពីឆ្នាំ១៩៨៣-១៩៨៤ ឯណោះ វាគ្មានជាតិពុលអ្វីទេ រីឯបញ្ហាជនជាតិបរទេសដែលមានវត្តមាននៅទីនោះ លោកប្រធានមន្ទីរ បែរជាបង្វែរឲ្យទៅសួរប្រធានសហគមន៍សិប្បកររ៉ែមាសចុងផ្លាស់ទៅវិញ។ ចំណែកលោក តែ គឹមសាន ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ ក៏បានប្រាប់ថា ជនជាតិវៀតណាម ជនជាតិចិនទាំងនោះ ពួកគេគ្រាន់តែជាកម្មករតែប៉ុណ្ណោះ៕