(កំពង់ឆ្នាំង)៖ ករណីស្រ្តីម្នាក់នៅខេត្តកំពង់ឆ្នាំង ត្រូវបាន២នាក់ប្តីប្រពន្ធ ព្រួតវាយរហូតចង់ឆ្កួត ប៉ុន្តែជាងកន្លះឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ ទាំងនៅមន្រ្តីអាវុធហត្ថ និងមន្រ្តីតុលាការនោះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់អង្គភាព Fresh News ថា រឿងរ៉ាវទាំងនេះ មន្រ្តីអាវុធហត្ថខេត្តបានកសាង សំណុំរឿងទៅកាន់តុលាការរួចអស់ហើយ តាំងពីមានពាក្យបណ្តឹង ដូច្នេះវាផុតដៃមន្រ្តីសមត្ថកិច្ចរបស់លោកហើយ ពោលគឺស្ថិតនៅក្នុងដៃតុលាការ ជាអ្នកដោះស្រាយ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «កងរាជអាវុធហត្ថ គឺជានគរបាលយុត្តិធម៌។ យោងតាមក្រមនីតិវិធី ព្រហ្មទណ្ឌ នគរបាលយុត្តិធម៌ គឺជាជំនួយរបស់អំណាចតុលាការ។ នគរបាលយុត្តិធម៌មានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្តុតាង។ អំណាចទាំងឡាយ ដែលផ្តល់ឱ្យមន្ត្រីអាវុធហត្ថខុសគ្នា ទៅតាមពេលដែលមន្ត្រីនោះបម្រីការ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតករណីជាក់ស្តែង ឬក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម»

លោកបានបន្តទៀតថា «ចំពោះករណីបទល្មើសខាងលើ គឺជាករណីដែលធ្វើការស៊ើបអង្កេតបឋម មន្ត្រីអាវុធហត្ថខេត្ត កំពង់ឆ្នាំង បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង តាំងពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។ អាស្រ័យដូចបានជម្រាបជូនខាងលើ និងយោងតាមច្បាប់ មន្ត្រីអាវុធហត្ថពុំមាន សមត្ថកិច្ចដោះស្រាយបណ្តឹង ព្រហ្មទណ្ឌទេ គឺមានសមត្ថកិច្ចចំណាត់ការបណ្តឹង នៃរឿងក្តីព្រហ្មទណ្ឌតាមនីតិវិធីនៅពេលទទួលបានការប្តឹងហើយបញ្ជូន សំណុំរឿងក្តីនេះ ទៅអយ្យការ។ ចំពោះសំណុំរឿងក្តីខាងលើ បានបញ្ជូនរួចរាល់ហើយ គឺផុតពីសមត្ថកិច្ចរបស់ កងរាជអាវុធហត្ថហើយ»

សូមបញ្ជាក់ថា កាលពីម្សិលមិញសាច់ញាតិស្រ្តីរងគ្រោះម្នាក់ បានស្នើមកដល់អង្គភាព Fresh News ជួយចុះផ្សាយ ករណីមួយ ដោយសារតែស្ងាត់ពេក ពោលមានរយៈពេលជាង កន្លះឆ្នាំទៅហើយ ដែលអំពើហិង្សាមួយបង្កឡើងដោយ២នាក់ ប្តី-ប្រពន្ធ បានព្រួតវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរផ្នែកក្បាល រហូតចង់ឆ្កួតលែងដឹងអីប៉ុន្តែចាប់តាំងពីដាក់ពាក្យ បណ្តឹងទៅមន្រ្តីអាវុធហត្ថ និងបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏រហូតមកដល់ពេលនេះ មិនមានចំណាត់ការ អ្វីនោះឡើយ។

ស្រ្តីរងគ្រោះឈ្មោះ ទិត្យ ពន្លឺច័ន្ទ អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។ ដោយឡែក ជនដៃដល់ដែលប្រើហិង្សាឈ្មោះ ញឹក ថា​ និងប្រពន្ធឈ្មោះ ឆេង លីម មានទីលំនៅភូមិត្រពាំស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមដំណើររឿង៖ ស្រ្តីរងគ្រោះត្រូវបានជនបង្កពីរនាក់ប្ដី-ប្រពន្ធ ប្រើហិង្សាដោយព្រួតគ្នាវាយដំ ហើយត្រូវបានក្រុមគ្រូសារ ដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសាស្ថានភាពធ្ងន់ធ្ងពេក ក៏បន្តចេញទៅព្យាបាលនៅឯមន្ទីរពេទ្យប្រទេសថៃ។ បើគិតមកដល់ពេលនេះមានរយៈកាលជាងកន្លះឆ្នាំហើយ ក្រោយពីដាក់ពាកបណ្ដឹង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបន្តនីតិវិធីសំណុំរឿងបញ្ជូនទៅកាន់ អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងនោះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ។

បើតាមការៀបរាប់ពីក្រុមគ្រួសារស្រី្តរងគ្រោះ បានឲ្យដឹងថា អំពើហិង្សាខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចឡត៍ចាក់ជ្រូក(ទីសត្វឃាដ) ភូមិទី១ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។ អំពើហិង្សានេះ ផ្ដើមចេញរឿងទិញជ្រូកប្រដេញថ្លៃគ្នា រវាងអាជីវករចាស់ និងអាជីវករថ្មី ទើបបង្កទំនាស់ពាក្យសម្ដី ឈានដល់ថ្នាក់ប្រើអំពើហិង្សា ដោយប្តីប្រពន្ធទាំង២នាក់ បានវាយទៅលើនារីរងគ្រោះបោកក្បាលរងរបួសធ្ងន់។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ស្រ្តីរងគ្រោះមានសតិមិនគ្រប់ ខណៈគ្រូពេទ្យប្រាប់ថា ប៉ះពាល់ដល់ក្បាលធ្ងន់ធ្ងរ៕

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី