(ត្បូងឃ្មុំ)៖ កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ តាមរយៈអនុសាខាកាកបាទក្រហមស្រុកត្បួងឃ្មុំ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនដូនចាស់ក្រីក្រទុរគតជនគ្មានទីពឹង ម្នាក់អាយុ៨៣ឆ្នាំ រស់នៅភូមិជីរោទ៏លើ ឃុំជីរោទ៌ទី១ ស្រុកត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ។
បន្ទាប់ពីទទួលបានដំណឹងថា មានដូនចាស់ក្រីក្រជាទុគតជនអាយុ៨៣ឆ្នាំ គ្មានទីពឹងឈ្មោះ អូង យឹម រស់នៅលើផ្ទះឈើតូចមួយ ទំហំប្រហែល៣ម៉ែត្របួនជ្រុង សរសឫស្សី សូម្បីតែទ្វារក៏មិនមានបិទបើក ស្ថិតនៅក្នុងភូមិជីរោទ៏លើ ឃុំជីរោទ៏ទី១ ស្រុកត្បូងឃ្មុំ នោះ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ តាមរយៈ អនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ទៅផ្តល់ជូនលោកយាយ ភ្លាមៗ ដោយស្របទៅតាម ទិសស្លោករបស់កាកបាទក្រហមកម្ពុជា ទីណាមានទុលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិន ជំនឿសាសនា ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ។
បើតាម ប្រជាពលរដ្ឋនៅជិតខាងលោកយាយ វ៉ាន់ គឹមស៊ន់ អាយុ៧៥ឆ្នាំ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ ឲ្យដឹងថា លោកយាយដូនចាស់ អូង យឹម នេះគឺលំបាកគួរឲ្យអាណិតខ្លាំងណាស់ សូម្បីភ្នែកគាត់ក៏មើលទាំងពិបាកដែរ មានពេលខ្លះគាត់បាន ឃើញអ្នកចំរៀងដែលបានធ្វើដំណើរតាមតាមមុខផ្ទះនោះ បាននាំគ្នាឈប់បន្តិចមកជូនលុយដូនចាស់ឈ្មោះ យឹម បន្តិចបន្តួចគ្រាន់នឹងទុកទិញ ម្ហូបអាហារពិសារ។
ចំពោះលោកយាយ (គឹម ស៊ន់ ) គាត់ក៏ខ្វះខាតដែរ មិនដែលបានហុចអ្វីជូនទៅដូនចាស់នេះទេម៉្យាងទៀតអ្នកភូមិរបស់គាត់ បានផ្តល់ចំណីអាហារ ជាហូរហែរគ្រាន់នឹងចិញ្ចឹមជីវិតបានរស់ ហើយនៅពេលណាដែលផ្ទះបាក់បែកខូចខាតនោះ គឺមានអ្នកភូមិបានជួយផ្តល់ជា ដើមឫស្សី សម្រាប់យកមកពុះជ្រៀកធ្វើរនាបផ្ទះ និងផ្លាស់ប្តូរសរសជាដើម។
ចំណែកឯស្ត្រីឈ្មោះ លន់ ជីន អាយុ៥៤ឆ្នាំ អ្នកភូមិនៅក្បែរផ្ទះដូនចាស់ខាងលើ ប្រាប់ថាមានពេលយប់ខ្លះគាត់ បានឮសូរសំលេងរបស់យាយ យឹម ស្រែកឡើងកណ្តាលអាធ្រាត្យនោះ នៅពេលដែលគាត់បានស្តាប់ឮក៏បានដាស់កូនៗ ឲ្យជួយបើកទ្វារផ្ទះចុះមកមើលក្រែងគាត់មិនស្រួលខ្លួន នឹងជួយជាច្រើន លើកច្រើនសារតែចាប់តាំងពីកម្លាំងគាត់រាងចុះក្រោយមក មិនសូវបានមកមើលដូចកាលពីមុនទៀតទេ។
ដូនចាស់ឈ្មោះ អូង យឹម អាយុ៨៣ឆ្នាំ បានប្រាប់ឲ្យដឹងថា ដោយសារគាត់ក្រីក្រជាងគេបំផុតក្នុងភូមិទើបគេអាណិតបាន ឲ្យដីធ្វើផ្ទះនៅចាប់តាំង ពីពេលនោះ ហូតមកដល់សព្វថ្ងៃមានរយៈពេល២៣ឆ្នាំហើយ គឺគេអនុញ្ញាតឲ្យនៅរហូតទាល់តែគាត់ស្លាប់តែម្តង។
ដោយឡែកបន្ទាប់ពីទទួលអំណោយមនុស្សធម៌នេះ លោកយាយ មានចិត្តសប្បាយស្ទើរស្រក់ទឹកភ្នែក និងថ្លែងអំណរគុណដល់កាកបាទក្រហមខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលគិតគូរដល់រូបគាត់ ក៏ដូចជាអ្នកដែលត្រូវការជំនួយដូចរូបគាត់ដែរ។
តាមរយៈនេះ ក៏សូមអំពាវនាវដល់សប្បុរសជននានា ដែលមានក្តីអាណិតអាសូរដល់លោកយាយ ជាដូនចាស់ជរា គ្មានទីពឹង សូមផ្តល់ជាអំណោយមនុស្សធម៌ទាំងថវិការ និងសំភារៈ ជូនដល់លោកយាយនាជិវិតចុងក្រោយនេះផង។
សូមបញ្ជាក់ថា លោកយាយ អូង យឹម គាត់មានបងប្អូនទាំងអស់ចំនួន៩នាក់ តែបានស្លាប់បាត់អស់ទៅហើយ គឺនៅសល់តែគាត់ម្នាក់ប៉ុណ្ណោះ គាត់រស់ដោយសារតែគេផុ្តល់ចំណីអាហារ និងម្ចាស់ដីបានផ្តល់ទីតាំងនេះឲ្យគាត់រស់នៅទាល់តែគាត់ស្លាប់៕
ចំពោះអំណោយដែលសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ តាមរយៈក្រុមការងារកាកបាទក្រហមស្រុករួមមាន៖
អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា១លីត្រ, ត្រីខ១០កំប៉ុង, ស្កសរ១គីឡូក្រាម, អំបិល១គីឡូក្រាម និងថវិការចំនួន 10ម៉ឺនរៀលផងដែរ៕