(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ដែលគេស្គាល់ថាធ្វើមេបក្សប្រឆាំងជាង២០ឆ្នាំ ចាញ់មិនដែលឈ្នះ បានសម្រេចលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ យ៉ាងទាន់ហន់បំផុត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមយុទ្ធសាស្ត្របំភិតបំភ័យរបស់សមាជិកបក្សខ្លួនដើម្បីបុព្វហេតុ ជួយសង្គ្រោះបក្សកុំឱ្យរលាយនៅពេលច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។ ច្បាប់ស្តីពីគណបក្សនយោបាយថ្មីដែល នឹងមិនអនុញ្ញាតឱ្យអ្នកមានទោសធ្វើប្រធានបក្សឡើយ ហើយបើបង្កបទល្មើសធ្ងន់ធ្ងរប៉ះពាល់ដល់ស្ថេរភាព សន្តិភាព បង្កឱ្យមានការបែកបាក់ជាតិជាដើម នឹងត្រូវប្រឈមមុខនឹងការរំលាយគណបក្សចោល។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី បានសម្រេចលាលែងតំណែង យ៉ាងតក់ក្រហល់ ហើយត្រូវបានសមាជិកបក្សខ្លួនទះដៃអបអរសាទរថា សម រង្ស៊ី ហ៊ានលះបង់ដើម្បីបក្ស ប៉ុន្តែធាតុពិត គេមើលឃើញថា វាគ្រាន់តែជាយុទ្ធសាស្ត្រមួយដើម្បីយកតំណែងប្រធានបក្សមកឱ្យ កឹម សុខា គ្រប់គ្រងពេញច្បាប់ ហើយទាត់ សម រង្ស៊ី ចោលពីឆាកនយោបាយខ្មែរតែប៉ុណ្ណោះ។ ទើបនឹងដឹងខ្លួនថាចាញ់យុទ្ធសាស្ត្រទេវតា និងដៃគូស្លាប់រស់របស់ខ្លួន ដូចខ្មោចស្លាប់ ៧ ថ្ងៃ សម រង្ស៊ី ដែលកំពុងស្ពាយទោសរត់គេចខ្លួននៅក្រៅប្រទេស បានព្យាយាមក្នុងការស្តារស្ថានការណ៍ និងស្រោចស្រង់ភាពល្ងង់ខ្លៅរបស់ខ្លួនឡើងវិញ ក្នុងយុទ្ធសាស្រ្តនយោបាយ។ ៤ ខែក្រោយពីលាលែងពីតំណែង តើរវាងសម រង្ស៊ី និងកឹម សុខា តើនរណាជាប្រធានពិតរបស់គណបក្សសង្គ្រោះជាតិ?
១៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីសមាជវិសាមញ្ញជ្រើសរើសរចនាសម្ព័ន្ធថ្មីរបស់បក្សខុសច្បាប់កាលពីថ្ងៃទី២ ខែមីនា សំឡេងសន្ទនាគ្នាជាសម្ងាត់រវាង សម្តេចតេជោ ហ៊ុន សែន និង កឹម សុខា លើកការរៀបចំផែនការរុញកឹម សុខា ឡើងធ្វើ មេបក្ស និងលេបយកបក្សសង្គ្រោះជាតិទាំងមូលត្រូវបានបែកធ្លាយ។ ខ្លឹមសារនៃ ការសន្ទនាបានបង្ហាញយ៉ាងច្បាស់ថា កឹម សុខា ពិតជាបានទទួលពរជ័យពីទេវតាក្នុងការឡើងគ្រប់គ្រងបក្សសង្គ្រោះជាតិទាំងមូល ហើយសារនេះក៏បាន ធ្វើឱ្យ សម រង្ស៊ី និងក្រុម សម រង្ស៊ី និយមក្អួតឈាម អួលណែនឱរ៉ារកថ្លែងអ្វីមិនចេញព្រោះ កឹម សុខា ដែលខ្លួនចាត់ទុកថាជាមិត្តដ៏ល្អ ជាសហការីដ៏ល្អ បែរក្លាយទៅជា មិត្តក្បត់មិត្ត ហ៊ានក្បត់ដៃគូ នឹងលេបយកបក្សមកគ្រប់គ្រងតែឯង។ ការណ៍នេះបានធ្វើឱ្យ សម រង្ស៊ី និងក្រុម សម រង្ស៊ី និយមខាំមាត់សង្កត់ចិត្ត ទប់ សភាពការណ៍ព្រោះខ្លួនបានដឹងថា ប្រសិនបើសង្គ្រាមផ្ទៃក្នុងបក្សផ្ទុះចេញទៅក្រៅ គឺនឹងធ្វើឱ្យបក្សនេះបាត់បងការគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក ហើយបាត់បង់ ឱកាសប្រកួតប្រជែងថែមទៀត។ ដូច្នេះមានតែទ្រាំលេបថ្មលេបគ្រួស ទប់ស្ថានការណ៍ ទប់ទល់នឹងការដំឡើងឥទ្ធិពលរបស់ កឹម សុខា និងក្រុម កឹម សុខា និយមនៅក្នុងជួរបក្សចាប់តាំងពីមូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំបក្ស។
២៖ ខណៈក្រុម សម រង្ស៊ី និយមដឹកនាំដោយ យឹម សុវណ្ណ និង អេង ឆៃអ៊ាង ទប់ទល់ឥទ្ធិពលកឹម សុខា ក្នុងបក្ស សម រង្ស៊ី បានព្យាយាមក្នុងការធ្វើសកម្មភាព ក៏ដូចជាបង្ហាញគោលជំហរក្នុងនាមជាប្រធានបក្សនៅខាងក្រៅប្រទេស។ រហូតមកទល់ពេលនេះ សម រង្ស៊ី នៅតែត្រូវបានគេហៅថា [លោកប្រធានគណបក្សសង្គ្រោះជាតិ] ពេញៗមាត់ ខណៈទណ្ឌិតរូបនេះគ្មានតួនាទីអ្វីបន្តិចសោះនៅក្នុងបក្សនេះព្រោះបានលះបង់អស់ហើយទាំងតំណែងប្រធាន និងសមាជិករបស់បក្ស នេះ។ ចុះហេតុអ្វីបានជា សម រង្ស៊ី ខំប្រឹងម្ល៉េះ? ព្រោះដោយសារតែច្រណែននឹងប្រជាប្រិយភាពរបស់ កឹម សុខា នៅក្នុងចំណោមសកម្មជន ហើយឈ្មោះ សម រង្ស៊ី ពេលខ្លះគឹមិននឹកនាផង។ ឥទ្ធិពលបុគ្គល សម រង្ស៊ី លើបក្សក៏ត្រូវបានសាប ហើយច្បាស់ជាងនេះ កូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា បានសរសេរលើធ្វីតទ័រ របស់ខ្លួនក្រោយពីសម រង្ស៊ី លាលែងពីតំណែងថា នៅពេលនេះគណបក្សសង្គ្រោះជាតិនឹងមានឱកាសក្នុងការបង្ហាញខ្លួនថាជាគណបក្ស ដែលឈរលើ ទស្សននិយម មិនមែនពឹងតែទៅលើបុគ្គលនិយមដូចពីមុនទៀតទេ។ ដើម្បីកុំឱ្យគេបំភ្លេចខ្លួន សម រង្ស៊ី បានធ្វើគ្រប់មធ្យោបាយ ហើយពេលខ្លះ ដើរតួនាទីជាមេបក្ស ភ្លេចគិតថាខ្លួនគ្មានសិទ្ធិអ្វីទាំងអស់។ ចុះហេតុអ្វីក៏ សម រង្ស៊ី នៅតែធ្វើ? គឺដើម្បីដណ្តើមឥទ្ធិពលមកវិញ។
៣៖ តើនេះអាចជាយុទ្ធសាស្ត្រនយោបាយរបស់ សម រង្ស៊ី និងកឹម សុខាទេ? សេណារីយ៉ូអ្វីក៏អាចទៅរួចដែរ។ នៅក្នុងបទសម្ភាសជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៧ កឹម សុខា បាននិយាយថា ខ្លួនបានសហការជាមួយ សម រង្ស៊ី ធ្វើការងារ មួយចំនួនព្រោះមានគោលបំណងរួមគ្នា។ ពាក្យសហការគ្នានេះ បានបង្ហាញថា កឹម សុខា និង សម រង្ស៊ី គ្រាន់តែចែកតួគ្នាដើរប៉ុណ្ណោះ ហើយប្រធានគណបក្សសង្គ្រោះជាតិពិតប្រាកដគឺនៅតែ សម រង្ស៊ី ដដែល ហើយ កឹម សុខា និងរចនាសម្ព័ន្ធថ្មីដែលបានរៀបចំគឺគ្រាន់តែជាធ្វើលេងៗ ប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ខ្លាចបាត់បង់តំណែង និងបាត់បង់បក្សមែនទែន ខ្លួនបានខិតខំព្យាយាមនិយាយក្នុងនាមបក្សសង្គ្រោះជាតិ និងធ្វើសកម្មភាពក្នុងនាមបក្សសង្គ្រោះជាតិ។ រហូតដល់ សម រង្ស៊ី ហ៊ានប្រកាស ដោយបំពានសមាជបក្សថា ខ្លួននឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨ ខាងមុខ។ កឹម សុខា ក៏បានអះអាងថា
អ្វីដែល សម រង្ស៊ី ថ្លែងគឺជាការត្រឹមត្រូវសម្រាប់ពេលនេះ ហើយបេក្ខភាពសម្រាប់ឆ្នាំ ២០១៨ ត្រូវឆ្លងកាត់សមាជនៅខែមេសាសិន។ អ្វីដែល កឹម សុខា ថ្លែងក៏បញ្ជាក់ផងដែរថា សម រង្ស៊ី នៅតែមានតួនាទីក្នុងបក្សពិត ហើយកិច្ចព្រមព្រៀងរវាងបក្សសម រង្ស៊ី និងសិទ្ធិមនុស្សក្នុងការបង្កើតគណបក្សសង្គ្រោះជាតិគឺ សម រង្ស៊ី ជាបេក្ខជននាយករដ្ឋមន្ត្រី ហើយបើ សម រង្ស៊ី នៅតែមានតួនាទី ប្រធានបក្សពិត នោះអ្វីដែល សម រង្ស៊ី ប្រកាសអាចនឹងជាការពិត ហើយសមាជនឹងអាច ប្រថាប់ត្រាឱ្យ សម រង្ស៊ី ចំណែក កឹម សុខា មានតែយកបេក្ខភាពប្រធានរដ្ឋសភាដដែល។ ចុះបើ សម រង្ស៊ី នៅតែតាំងខ្លួនជាប្រធានបក្សពិត ហើយ កឹម សុខា ជាប្រធានបក្សលេងៗដូច្នេះ តើនឹងមានផលអាក្រក់អ្វីដល់គណបក្សសង្គ្រោះជាតិដែរឬទេ?
៤៖ ទោះជាផ្លូវច្បាប់ សម រង្ស៊ី មិនមានតំណែងជាប្រធានបក្ស ប៉ុន្តែទណ្ឌិតរូបនេះ បានធ្វើសកម្មភាពក្នុងនាមបក្សសង្គ្រោះជាតិ។ បើ សម រង្ស៊ី ប្រកែកថា ខ្លួនធ្វើសកម្មភាព ឬបង្ហាញគោលជំហរក្នុងនាមជាអ្នកគាំទ្របក្ស ខណៈ កឹម សុខា បានទទួលស្គាល់ថាបានសហការជាមួយសម រង្ស៊ី។ តើសម រង្ស៊ី និងកឹម សុខា កំពុងតែសមគំនិតគ្នាទេ? សមតិកម្មទាំងពីរនេះ បាន បង្ហាញថា សម រង្ស៊ី ដែលប្រកាសលាលែងតំណែងពីប្រធាន និងសមាជិកបក្ស គ្រាន់តែជាឡប់ឡែ ដើម្បីស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួនប៉ុណ្ណោះ ហើយកាលដែលប្រធានបក្សស្របច្បាប់ កឹម សុខា ទៅសហការជាមួយទណ្ឌិត សម រង្ស៊ី ដែលកំពុងយក ឈ្មោះគណបក្សសង្គ្រោះជាតិទៅបង្កចលាចល ញុះញង់ ផ្សព្វផ្សាយ ព័ត៌មានបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិសាធារណជន ដើម្បីផលប្រយោជន៍ នយោបាយដោយបង្កនូវអស្ថេរភាពជាតិ ការបែកបាក់ជាតិ និងបំផ្លាញសន្តិភាព ការអភិវឌ្ឍដែលកម្ពុជាមាន នោះ កឹម សុខា ដែលជាប្រធានបក្សសង្គ្រោះជាតិ ច្បាស់ណាស់កំពុងសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី ក្នុងការប្រព្រឹត្តទង្វើទាំងនោះ ឬក៏ផ្តល់មធ្យោបាយ និងសហការដើម្បីសម្រេចគោលបំណងរួមហើយ។ នៅក្នុងច្បាប់អ្នកប្រព្រឹត្ត និងអ្នកសមគំនិត មានទោសស្មើគ្នា។ តើអ្វីដែល សម រង្ស៊ី កំពុងតែធ្វើរៀងរាល់ថ្ងៃនេះជាការជួយបក្សសង្គ្រោះជាតិ ឬក៏កំពុងនាំគ្រោះឱ្យបក្សសង្គ្រោះជាតិឈានដល់ការរលាយបក្ស? គឺប្រាកដណាស់ សម រង្ស៊ី កំពុងសាងគ្រោះឱ្យជាតិ និងនាំគ្រោះឱ្យគណបក្សសង្គ្រោះជាតិ។
៥៖ ថានាំរឿងឱ្យគណបក្សសង្គ្រោះជាតិគឺពិតជានាំមែន! ឥឡូវនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សិក្សា និងពិនិត្យលើលទ្ធភាពនៃការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបន្ថែមទៀត ដើម្បីរារាំងកុំឲ្យទណ្ឌិតលូកលាន់កិច្ចការរបស់គណបក្សនយោបាយ។ សម្តេច ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ ២០១៧ ក្នុងពិធីខួបលើកទី៦៦ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ សម្តេច
មានប្រសាសន៍ស្នើឲ្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាត្រូវពិនិត្យមើលច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ ដើម្បីធ្វើវិសោធនកម្មច្បាប់នេះដែលចែងពីទណ្ឌិតមិនអាចលូកលាន់ក្នុងកិច្ចការគណបក្សនយោបាយបានដោ យសម្តេចបានថ្លែងសង្កត់ធ្ងន់ថា៖ «កុំឲ្យអ្នកទោសធ្វើសកម្មភាពរបៀបនេះ ព្រោះរឿងនេះជារឿងផ្លូវច្បាប់មិនអាចលេងសើចបានទេនៅក្នុងដំណើរការប្រជាធិបតេយ្យ។
យើងមិនខ្លាចអ្នកទេ ក៏ប៉ុន្តែយើងមិនចង់ឲ្យអ្នកមកច្របូកច្របល់នូវអ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ ប៉ុន្តែបើអ្នកចិត្តសឿង អញ្ជើញចូលប្រទេសមក»។ ប្រសិនបើមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបន្ថែមទៀតនោះ គេអាចផ្តោតលើទណ្ឌិតមិនអាចលូកដៃមកជួយក្នុងបក្ស នយោបាយមួយក្នុងបំណងសងសឹក ឬបង្កចលាចលទេ ហើយមិនចាំបាច់ទាល់តែមានអ្នកប្រព្រឹត្តល្មើសធ្ងន់ធ្ងរនៅក្នុងចង្កោមគណៈដឹកនាំបក្សទេ ដែលអាចឈានដល់ការប្តឹងរំលាយបក្សបាន សូម្បីករណី សម រង្ស៊ី និងកឹម សុខា ធ្វើរាល់ថ្ងៃនេះ គឺបង្ហាញពីការសមគំនិតគ្នាដែលអ្នកប្រព្រឹត្ត និងអ្នកសម គំនិតមានទោសស្មើគ្នា។ ដូច្នេះអ្វីដែល សម រង្ស៊ី បានព្យាយាមតាំងពីដើមទី លាលែងពីតំណែងប្រធានបក្សដើម្បីជួយបក្ស នោះវាគ្មានន័យអ្វីឡើយ។ ចៅ ចាក់ស្មុក សូមគាំទ្រចំពោះ គំនិតផ្តួចផ្តើមឱ្យពិនិត្យលើច្បាប់នេះសាជាថ្មី ដើម្បីកុំឱ្យទណ្ឌិតមកបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមាននេះ បាន ហើយបន្តរក្សាសម្រាប់មនុស្សគ្រប់ជំនាន់ទៅមុខទៀត៕
ដោយ៖ ចៅចាក់ស្មុក