(កែប)៖ បុរសម្នាក់បានបន្លំខ្លួនជាព្រះសង្ឃ រួមជាមួយបក្ខពួក ដើរបិណ្ឌបាត្រតាមបណ្ដាខេត្តនានាដើម្បីយកលុយទិញថ្នាំញៀន ប៉ុន្ដែមកត្រូវអស់លក្ខណ៍នៅខេត្តកែប ក្រោយកើតរឿងគ្រោះថ្នាក់ចរាចរ ហើយត្រូវកម្លាំងនគរបាលឃាត់ខ្លួនតែម្ដង។
លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះបានប្រាប់ថា នៅថ្ងៃទី២៨ ខែមិថុនាម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង នៅផ្លូវជាតិលេខ៣៣អា មុខសាលាខេត្តកែប រវាងរថយន្ត Camry ពណ៌ទឹកប្រាក់ ផ្លាកលេខបន្ទាយមានជ័យលេខ2A-5141 ប៉ះអ្នកជិះម៉ូតូC125 បណ្តាលឲ្យមនុស្សរងរបួសស្រាលម្នាក់ ហើយម្ចាស់រថយន្តបានបើកគេច ប៉ុន្ដែត្រូវកម្លាំងនគរបាលក្រុងកែប ស្នាក់ចាប់បាននៅផ្សារដំណាក់ចង្អើរ ចំងាយប្រមាណជាង10គីឡូម៉ែត្រ ពីកន្លែងកើតហេតុណ៍។
ក្រោយកម្លាំងជំនាញស្ទាក់ចាប់បានរថយន្ដ ក៏ឃាត់បានមនុស្ស២នាក់ ដោយក្នុងនោះម្នាក់ជាព្រះសង្ឃ ដែលអ្នកបើកបររថយន្តឈ្មោះ គិន ភក្តី អាយុ២៦ឆ្នាំ និងឈ្មោះ ម៉ី ងួន អាយុ២៦ឆ្នាំ ជាព្រះសង្ឃក្លែងក្លាយ។
តាមការសាកសួរបឋមឈ្មោះ ម៉ី ងួន បានឆ្លើយថា រូបគេបន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្រយកលុយ ទិញគ្រឿងញៀនជក់តាំងពីដើមខែមិថុនា ឆ្នាំ២០១៧ ដែលចាប់ផ្តើមធ្វើសកម្មភាព នៅខេត្តបន្តាយមានជ័យ, បាត់ដំបង, សៀមរាប, កំពង់ធំ, កំពង់ឆ្នាំង, ភ្នំពេញ, កំពង់ស្ពឺ, ព្រះសីហនុ, កំពត, កែប ក្នុងរយៈពេល១៥ថ្ងៃ បានប្រាក់ចំនួន ៥,០៩០,០០០រៀល។
លោកស្នងការបន្ថែមថា តាមចម្លើយសារភាព នៅខេត្តកែបរយៈពេលមួយព្រឹក គេដើរបិណ្ឌបាត្របានប្រាក់ ២៦០,០០០រៀល ហើយក៏ត្រូវឃាត់
ខ្លួនតែម្ដង។ ក្នុងនោះបក្ខពួកគេមានគ្នា៤នាក់ មកខេត្តកែប២នាក់ និងចុះធ្វើសកម្មភាពនៅទីរួមខេត្តកំពត២នាក់។
ក្រោយការឃាត់ខ្លួន កម្លាំងនគរបាលបានស្នើសុំមន្ទីរធម្មការ និងព្រះអនុគណក្រុងកែប ធ្វើការផ្សឹកតាមបែបបទព្រះពុទ្ធសាសនា រួចប្រគល់ឲ្យនគរបាលក្រុងកែប ពិនិត្យឃើញថាពួកគេមានសារធាតុញៀនក្នុងខ្លួន ហើយបានកសាងសំណុំរឿងដើម្បីចាត់ការបន្តនីតិវិធី៕