(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានក្រើនរំលឹកជាថ្មីឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សា និងការពារសន្តិភាពរបស់កម្ពុជា។ សម្តេចបានថ្លែងថា ការនិយាយអំពីសន្តិភាពគឺងាយស្រួលណាស់ ប៉ុន្តែការស្វែងរកសន្តិភាពនេះ ទើបជាការលំបាក។
ជាមួយនឹងសារដែលបង្ហោះលើទំព័រ Facebook នៅប៉ុន្មាននាទីមុននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការគ្រាន់តែនិយាយពីសន្តិភាពគឺស្រួលណាស់ តែការស្វែងរកសន្តិភាពទើបជាការលំបាក ព្រោះថា សន្តិភាពមិនមែនកើតឡើងដោយចៃដន្យ និងដោយគ្មានការចំណាយអាយុជីវិតមនុស្សឡើយ។ បើ ប្រទេសជាតិមានសុខសន្តិភាពហើយ យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាពកុំអោយបាត់បង់ទៅវិញ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «និយាយការពិតទៅ គឺគ្មានបក្សនយោបាយណាក្រៅពី «គណបក្សប្រជាជនកម្ពុជា» ដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ ដើម្បីសន្តិភាពក្នុងពេលដែលប្រទេសបានធ្លាក់ក្នុងវាលពិឃាត។ ជាង ៤០ឆ្នាំ មកនេះគឺមានតែ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ដែលខិតខំថែក្សាការពារសន្តិភាព ដើម្បី ប្រជា ពលរដ្ឋរស់សុខស្រួល»។
សម្តេចបានគូសបញ្ជាក់ទៀតថា «គណបក្សប្រជាជន គឺរួមសុខរួមទុក្ខជាមួយប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល»៕