(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំពេញអង្គក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយពិភាក្សាលើរបៀបវារៈចំនួន២។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា របៀបវារៈ២នោះ រួមមាន៖
១៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី
២៖ ពិនិត្យ និងឲ្យយយោបល់លើសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
សមាជិកថ្មី ដែលនឹងប្រកាសទទួលស្គាល់នេះ គឺ លោកស្រី គុណ លំអង ដែលត្រូវបានគណបក្សសមរង្ស៊ីស្នើដាក់ជាសមាជិកសភា ជំនួសតំណែង លោក ហុង សុខហួរ ជាប្តីរបស់ លោកស្រី ដែលបានប្រកាសលាលែងកាលពីខែកុម្ភៈ ឆ្នាំ២០១៧។
ដោយឡែកសម្រាប់ វិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានរៀបចំឡើង ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលអាចនឹងធ្វើឱ្យសមាជិកព្រឹទ្ធសភា កើនឡើងដល់ចំនួន៦២រូប នាពេលខាងមុខ។ ក្រៅពីនោះ ក៏មានការកែប្រែនូវប្រកាមួយចំនួនទៀត ពាក់ព័ន្ធនឹង យុទ្ធនាការឃោសនា និងអង្គបោះឆ្នោតជាដើម៕