(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២0១៧នេះ បានចេញបង្ហាញឈ្មោះបេក្ខជនជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ទាំង២៥រាជធានី-ខេត្ត។
ក្នុងចំណោមគណបក្សទាំង១២ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានតែគណបក្ស៧ប៉ុណ្ណោះ ដែលទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៣,៥៤០,០៥៦សំឡេង ហើយគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតចំនួន ៣,០៥៦,៨២៤សំឡេង។
បើគិតជាអាសនៈគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦,៥០៣ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន ១,១៥៦) គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩)។
គណបក្ស៥ទៀត មានគណបក្សហ្វ៊ុនស៊ិនប៉ិច បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ២៨ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) គណបក្សខ្មែររួបរួមជាតិ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ២៤ (បានតំណែងជាមេឃុំ១) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៤ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១ (មិនបានតំណែងជាមេឃុំ-ចៅសង្កាត់)។ ចំណែកឯគណបក្ស៥ទៀត បានទទួលត្រឹមសំឡេងឆ្នោតប៉ុណ្ណោះ តែមិនបានទទួលអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ៕