(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ជាគណបក្សនយោបាយថ្មីមួយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ជាលើកដំបូងនោះ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅនេះ គឺបានប្រព្រឹត្តទៅដោយភាពល្អប្រសើរ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសើរការបោះឆ្នោតដែលបានធ្វើឡើង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ មានតម្លាភាពក្នុងការប្រកាសលទ្ធផលបោះឆ្នោត និងមិនមានអំពើហិង្សាធ្ងន់ធ្ងរជាដើម។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានកោតសរសើរប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោត។ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយទាំងអស់ និងអង្គការជាតិ-អន្តរជាតិ ខិតខំយ៉ាងណា ឲ្យដំណើរការនៃការបោះឆ្នោតលើកក្រោយៗប្រព្រឹតទៅឲ្យបានល្អជាងនេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងតំណែងមេឃុំ ចៅសង្កាត់ចំនួន ១,១៥៦ ឃុំ-សង្កាត់ គណបក្សសង្រ្គោះជាតិគ្រប់គ្រងតំណែងមេឃុំ ចៅសង្កាត់ ៤៨៩ឃុំ សង្កាត់ ខណៈដែលគណបក្សខ្មែររួបរួមជាតិទទួលបាន ១ឃុំ។ សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សមានថ្នាក់ដឹកនាំមកពីបណ្តុំរបស់អង្គការសង្គមស៊ីវិល នៅក្នុងការប្រកួតប្រជែងលើកដំបូងនេះ ទោះមិនបានទទួលតំណែងមេឃុំ ចៅសង្កាត់ តែក៏បានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំចំនួន ៥ផងដែរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤នេះ ទាំងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងមហាជនទូទៅសុទ្ធតែបានវាយតម្លៃថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ៕