(ភ្នំពេញ)៖ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការស្វែងរកអាជីពដែលអ្នកប្រាថ្នា» ក្រោមកិច្ចសហការរៀបចំរវាង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។
សិក្ខាសាលាបានផ្តោតសំខាន់ទៅលើ ការចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ការតម្រង់ទិសការងារ និងបទពិសោធន៍ នៃភាពជោគជ័យការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងដំណើរការ នៃការជ្រើសរើសបុគ្គលិករបស់មីក្រូហិរញ្ញវត្ថុ អម្រឹត។
លោក ប៊ុន ឆាយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ដើម្បីផ្សារភ្ជាប់ទ្រឹស្តីដែលនិស្សិត បាននិងកំពុងសិក្សាក្នុងថ្នាក់រៀន ទៅនឹងការអនុវត្តន៍ជាក់ស្តែងនៅការដ្ឋានការងារ ជារឿយៗសាកលវិទ្យាល័យតែងតែអញ្ជើញ វាគ្មិន និងអ្នកជំនាញ មកពីស្ថាប័ននានាទាំងវិស័យសាធារណៈ និងឯកជន ដើម្បីធ្វើការចែករំលែកនូវ ព័ត៌មាន បទពិសោធន៍ និងចំណេះដឹងថ្មីៗ នៅតាមការដ្ឋានការងារជាក់ស្តែងនីមួយៗ ដើម្បីឲ្យនិស្សិតរបស់ខ្លួនបានយល់បានដឹង កាន់តែច្បាស់នូវអ្វីដែលកំពុងកើតមាន អ្វីដែលជាបញ្ហាប្រឈម និងវិធីសាស្ត្រនៃការដោះស្រាយបញ្ហាទាំងអស់នោះជាដើម។
ជាក់ស្តែង នេះមិនមែនជាលើកទី១នោះទេ ដែលសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការរៀបចំសិក្ខាសាលាជាមួយ ធនាគារធំៗ ក្រុមហ៊ុនសវនកម្ម ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុនានា ហើយនេះជាលើកទី១ ដែលសាកលវិទ្យាល័យ បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ នៅកម្ពុជា ដើម្បីចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ក៏ដូចជាការផ្តល់នូវឱកាសការងារ ដល់និស្សិតរបស់ខ្លួនដើម្បីទទួលបាននូវអាជីពមួយពិតប្រាកដ។
ជាមួយនេះដែរ លោកសាកលវិទ្យាធិការរង បានថ្លៃអំណរគុណចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ពិសេសថ្នាក់ដឹកនាំរបស់គ្រឹះស្ថានផ្ទាល់តែម្តង ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃបំផុត មកធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់និស្សិតរបស់លោកនាឱកាសនោះ។
លោក ផាច សុផល នាយករងផ្នែកលក់សេវាហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានចំណាប់អារម្មណ៍ និងអរគុណដល់សាកលវិទ្យាល័យ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ និងជិតស្និទ្ធបំផុត ក្នុងកិច្ចរៀបចំសិក្ខាសាលាដ៏មានអត្ថន័យនេះឡើង។ លោកថា សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសាកលវិទ្យាល័យមួយដែលលោក និងគ្រឹះស្ថានរបស់លោកបានមើលឃើញពីគុណភាព នៃការបណ្តុះបណ្តាលយ៉ាងពិតប្រាកដ ដែលស្តែងតាមរយៈ សមត្ថភាពរបស់និស្សិត ដែលបានបញ្ចប់ការសិក្សាកន្លងទៅ ដែលកំពុងបម្រើការងារនៅក្នុងគ្រឹះស្ថានរបស់លោក ក៏ដូចជាវិន័យ និងសណ្តាប់ធ្នាប់ទាំងក្នុងថ្នាក់ ក្នុងសាលា និងក្នុងសង្គម របស់និស្សិត នៃសាកលវិទ្យាល័យនេះតែម្តង។
ទាំងអស់នេះហើយ ដែលជាកត្តាគន្លឹះដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជ្រើសរើសយកសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាគោលដៅនៃការផ្សព្វផ្សាយ និងផ្តល់ឱកាសការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅថ្ងៃនេះ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យបានធ្វើការបណ្ដុះបណ្ដាលចាប់ពីកម្រិត បរិញ្ញាបត្ររង រហូតដល់ បណ្ឌិត លើមហាវិទ្យាល័យចំនួន៥រួមមាន៖ ទី១៖មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច, ទី២៖មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ទី៣៖មហាវិទ្យាល័យសិល្បៈ និងភាសាបរទេស, ទី៤៖មហាវិទ្យាល័យធុរកិច្ច និងហិរញ្ញវត្ថុ និងទី៥៖មហាវិទ្យាល័យទេសចរណ៍ និងទំនាក់ទំនងអន្តរជាតិ។
សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តការងារបណ្ដុះបណ្ដាល ប្រកបដោយគុណភាពរបស់ខ្លួន ជាបន្តបន្ទាប់ទៀតលើមុខជំនាញឯកទេសដូចជា ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ, ហិរញ្ញវត្ថុ និងធនាគារ, វិទ្យាសាស្ត្រសេដ្ឋកិច្ច, ពាណិជ្ជកម្មអន្តរជាតិ, ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម, ទីផ្សារហិរញ្ញវត្ថុ, ធានារ៉ាប់រង និងហិរញ្ញវត្ថុ, ទេសចរណ៍ និងសេដ្ឋកិច្ច, គ្រប់គ្រងបណ្តាញកុំព្យូទ័រ និងអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា សម្រាប់ធុរកិច្ច ដែលមុខជំនាញទាំងអស់នេះ នឹងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។
ជាមួយនេះដែរ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រកាសពីការជ្រើសរើសនិស្សិតឲ្យចូលរៀនថ្នាក់ថ្មី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០១៧-២០១៨ ដែលថ្នាក់សិក្សាថ្មីនេះ នឹងចាប់ផ្តើមពី ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ៕