(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នេះ បានសម្តែងនូវការ សោកស្តាយចំពោះការវាយតម្លៃដែលវាយតម្លៃ ដែលគ្មានព្រឹត្តិការណ៍ជាក់ស្តែងមកឆ្លុះបញ្ចាំងការពិតទៅលើទិដ្ឋភាព បច្ចេកទេសដែលបានបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត និងបទបញ្ជា នីតិវិធីរបស់ គ.ជ.បដែលអាចធ្វើឱ្យសាធារណជន មានការយល់ច្រឡំលើដំណើរការនិងលទ្ធផលនៃការបោះឆ្នោត។ គ.ជ.ប ក៏ដូចជាមតិជាតិ និងអន្តរជាតិបានយល់ឃើញថា គ្មានការបោះឆ្នោតណាមួយដែលរៀបចំឡើងបានល្អឥតខ្ចោះ១០០% នោះទេ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអារ្យប្រទេសក៏ដោយ។ ចំណុចខ្វះខាតតិចតួចដែលនៅសេសសល់តាមរយៈបទពិសោធនៃការបោះឆ្នោតនេះ គ.ជ.ប រួមជាមួយជំនាញការអន្តរជាតិដែលកំពុងបំពេញការងារនៅទីស្តីការ គ.ជ.ប នឹងរួមគ្នាដោះស្រាយ និងកែលម្អ ឱ្យបានកាន់តែប្រសើរថែមទៀតសម្រាប់ការបោះឆ្នោតលើកក្រោយ។
សេចក្តីថ្លែងការណ៍របស់គ.ជ.ប.នេះគឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការរបស់គណបក្សសង្គ្រោះជាតិ និងបន្ទប់ស្ថានការណ៍ដែលជាបណ្តុំអង្គការសង្គមស៊ីវិល ដែលមាននិន្នាការទៅរកបក្សប្រឆាំង។ បន្ទប់ស្ថានការណ៍ ដែលគេមើលឃើញថា គឺជាឧបករណ៍បម្រើដាច់ថ្លៃឱ្យបក្សប្រឆាំង ដែលមានរបៀបវារៈនយោបាយយ៉ាងច្បាស់ព្រោះអ្វីដែលជាខ្លឹមសារដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ត្រូវបានគណបក្សប្រឆាំងលើកយកមកដាក់ក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់បណ្តុះអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងដែលដូចគ្នាដោយបានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានរៀបចំឡើងក្នុងបរិយាកាសដែលមានការដាក់កម្រិត សេរីភាព និងខ្វះយុត្តិធម៌ពេញលេញ។ មានបញ្ហាមួយចំនួន បានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជា បរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ ហរិញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រជែងនយោបាយ ដែលខ្វះសមភាព និងបទបញ្ញត្តិបដិវាទ ខ្លះនៃក្របខ័ណ្ឌ ច្បាប់បោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយ។
សេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅពេលនេះត្រូវបានគេមើលឃើញថាគឺជាការទះកំផ្លៀងបក្សប្រឆាំងដោយស្ថាប័នឯករាជ្យ ដែលជាកូនរួមគ្នាបង្កើតឡើងដោយប្រជាជនកម្ពុជា និងគណបក្សប្រឆាំងខ្លួនឯង ហើយដែលបក្សប្រឆាំងតែងតែអះអាងជាសមិទ្ធផលកើតចេញពីការធ្វើមហាបាតុកម្មខ្លួនឯង។ ការទះកំផ្លៀងនេះក៏ជាការបន្ថែមនូវទម្ងន់កំផ្លៀង ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ពិសេស ប្រទេសមហាអំណាចនានា ជាអាទិ៍ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។
ការចេញសេចក្តីថ្លែងការណ៍របស់បក្សប្រឆាំងថ្ងៃមុន ស្មើនឹងការស្តីបន្ទោសដោយចង្អុលមុខ តែផ្តេសតែផ្តាស ដោយគ្មានហេតុផលមុខគេមុខឯង ទៅលើស្ថាប័ន គជប ដែលខ្លួនឯងរួមបង្កើត! ថ្ងៃនេះ កូនដែលពេញវ័យ និងមានឥស្សរភាពយ៉ាងពិតប្រាកដក្នុងភាពឯករាជ្យរបស់ខ្លួនតាមផ្លូវច្បាប់នេះ បានទះកំផ្លៀងបក្សប្រឆាំងដើម្បីកុំអោយចេះតែដើរចង្អុលមុខគេ មុខឯងដោយមិនដឹងខ្យល់ និងដោយគ្មានហេតុផលក្នុងខ្លួន ហើយក៏ជាការគោរពលើ ហេតុផលរបស់អ្នកបង្កើតម្ខាងទៀតដែលប្រកប ដោយគុណធម៌ និងបានផ្តល់ភាពត្រឹមត្រូវ យុត្តិធម៌ ក៏ដូចជាអោយតំលៃលើស្ថាប័នឯករាជ្យមួយនេះ ដែលបានខិតខំតស៊ូប្រឹងប្រែងក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាតិ និងប្រជាធិបតេយ្យនៅកម្ពុជា!ចុះហេតុអ្វីបានជាមួយស្រុកខុសគេតែឯង?
កន្លងមក រាស្ត្រខ្មែរបានដឹងហើយថា គណបក្សប្រឆាំងតែងតែព្យាយាមឡាំប៉ាដើម្បីចរចាអំណាច ហើយអនុវត្តគោលការណ៍ ពីរមិន ពីរយក គឺ ១-មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ២-មិនចូលប្រជុំសភា ហើយ ពីរយកគឺ ១-យកអាសនៈ និង ២-យកប្រាក់ខែ។ ទោះបីជាមជ្ឈដ្ឋានទូទៅទទួលស្គាល់ថា ការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ បក្សប្រឆាំងនិងសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងទន្ទេញពាក្យថាមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ចុះតើរបៀបណាបានហៅថា សេរី ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ក្រុមនេះ? គឺទាល់តែបក្សប្រឆាំងឈ្នះការបោះឆ្នោត ទើបបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលទាំងនោះថាការបោះឆ្នោតនោះសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងទទួលយកបាន។ ដូច្នេះសេចក្តីថ្លែងការណ៍របស់បក្សប្រឆាំងដែលរៀបចំឡើងដោយក្រុមសង្គមស៊ីវិលមាននិន្នាការប្រឆាំងគ្មានអ្វីចម្លែកឡើយ ព្រោះបក្សសង្គ្រោះជាតិនេះមិនដែលទទួលស្គាល់ការពិតថាខ្លួនចាញ់ការបោះឆ្នោតរាល់លើកឡើង ហើយកាលដែលប្រកាសបែបនេះក៏ដើម្បីទុកច្រករកស៊ីសម្រាប់ការបោះឆ្នោតលើកក្រោយទៀតជាពិសេសលាក់បាំងចំណុចខ្សោយ និងបរាជ័យរបស់ខ្លួន ហើយបន្ទោសគេឯងផ្សេង។ ការធ្វើនយោបាយបែបបោកប្រាសដូច្នេះគេដឹងអស់ហើយ! ហើយបើថ្ងៃក្រោយ បក្សប្រឆាំងមិនទុកចិត្ត គ.ជ.ប ដែលខ្លួនចូលរួមបង្កើត គួរមិនចាំបាច់ចូលរួមបោះឆ្នោតឡើយ!
ដោយ៖ ចៅចាក់ស្មុក