(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានប្រកាសសួរទៅប្រធាន និងអតីតប្រធានគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងងប់ជាងគេនៅកម្ពុជាថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដ៏ខ្មៅងងឹតកន្លងទៅនោះ តើគណបក្សរបស់ពួកលោកនៅឯណា ហេតុអ្វីក៏មិនបង្កើតឡើង និងជួយរំដោះប្រជាជនកម្ពុជាដ៏វេទនា នៅពេលនោះទៅ ចាំបាច់អីមកបង្កើត នៅពេលដែលប្រទេសមានសុខសន្តិភាពស្រាប់ហើយ។
លោកថ្លែងបែបនេះ ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកជើងព្រៃ ធ្វើមេទ្ទិញអរអបសាទរ ខួបលើកទី៦៦ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-១០២៧) នៅទីស្នាក់ការគណបក្សស្រុកជើងព្រៃ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានរំឭកថា គណបក្សប្រជាជនកម្ពុជា បង្កើតឡើងដើម្បីបុព្វហេតុរំដោះប្រទេស និងប្រជាជនកម្ពុជា ពីការជិះជាន់ដ៏យង់ឃ្នង របស់ពួកអាណានិគមនិយមបារាំង នៅឆ្នាំ១៩៥១ រហូតបានរួមចំណែកដណ្ដើមយកឯករាជ្យពេញលេញជូនប្រជាជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ក្រោយពីទទួលបានឯករាជ្យពីពួកចក្រពត្តិបារាំងហើយ ប្រទេសកម្ពុជាត្រូវរងការជិះជាន់ផ្នែកនយោបាយ និងសង្គ្រាមឈ្លានពាន ពីសំណាក់ពួកចក្រពត្តិសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ១៩៧០-១៩៧៥ ដែលមានមេដឹកនាំរបបសាធារណរដ្ឋខ្មែរជាអ្នកចូលរួម ខណៈនោះគណបក្សប្រជាជនកម្ពុជា ក៏បានចេញរំដោះជួយសង្គ្រោះប្រជាជនកម្ពុជា ជាលើកទី២ ប៉ុន្តែជាអកុសល ក្រោយពេលយកជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ នៅឆ្នាំ១៩៧៥ ដែលមានមហាអំណាចអាមេរិកនៅពីក្រោយខ្នងបានហើយ ជនក្បត់ ប៉ុល ពត បានដណ្ដើមអំណាច និងដឹកនាំប្រទេសធ្លាក់ចូលក្នុងរបបវាលពិឃាត កាប់សម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់គ្មានត្រាប្រណៃ អស់រយៈពេលជិត៤ឆ្នាំ។
លោកនាយឧត្តមសេនីយ៍បានបន្តថា ដោយឃើញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ដូចនោះហើយ គណបក្សប្រជាជនកម្ពុជា បានខិតខំស្វែងរកជំនួយយោធាពីភាគីវៀតណាម ដើម្បីរួមគ្នាចេញរំដោះប្រជាជនកម្ពុជាសារជាថ្មីម្ដងទៀត ដែលមានសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំសមាជិក-សមាជិកាគណបក្ស និងកងទ័ពរំដោះ ចូលមករំដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបខ្មែរក្រហម ប៉ុល ពត រហូតទទួលបានជោគជ័យ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានរៀបរាប់ទៀតថា ក្រោយរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបប ប៉ុល ពត បានហើយ កម្ពុជាមានតែបាតដៃទទេរទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចទាំងបី ជាអ្នកដឹកនាំជ្រោមជ្រែងនោះ បានខិតខំប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានសុខសន្តិភាពមួយ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ជីវភាពប្រជាជនក៏ធូរធាជាងមុន និងបានខិតខំលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិផងដែរ។
ដូច្នេះហើយ ទើបនាយឧត្តមសេនីយ៍ ម៉ា ឈឿន ថ្លែងសួរទៅកាន់ប្រធានគណបក្សសង្គ្រោះជាតិ អតីតប្រធានគណបក្ស និងសមាជិកគណបក្សប្រឆាំង ផ្កាប់មុខមួយនេះថា ក្នុងពេលដែលប្រទេស និងប្រជាជនកម្ពុជា ជួបគ្រោះវេទនា ជួបការជិះជាន់ ការកាប់សម្លាប់គ្មានអាណិតអាសូរ ក្នុងរបបប្រល័យពូជសាសន៍នោះ តើគណបក្សរបស់អស់លោកឯណា។ លោកថ្លែងថា បើគ្មានគណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះទេ ក៏គ្មានវត្តមានគណបក្សសង្គ្រោះជាតិ លើទឹកដីកម្ពុជាដូចសព្វថ្ងៃដែរ។
មិនតែប៉ុណ្ណោះ លោក ម៉ា ឈឿន ក៏បានដាស់តឿនដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថា អស់រយៈពេល៦៦ឆ្នាំហើយ ឃើញថាភាពចាស់ទុំខាងផ្នែកនយោបាយ និងបទពិសោធន៍ការងារ ក៏មិនតិចទូចណាស់ដែរ ពោលដាច់ខាតមិនត្រូវភ្លើតភ្លើនជឿលង់ តាមពាក្យញុះញង់របស់គណបក្សដទៃឡើយ ប្រយ័ត្នប្រទេសកម្ពុជា និងកូនចៅជំនាន់ក្រោយរបស់ខ្លួន ដែលកំពុងរស់នៅក្នុងសន្តិភាពនេះ ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដូចកាលពីអតីតកាល៕