(ឧត្តរមានជ័យ)៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ គណៈប្រតិភូរស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដឹកនាំដោយលោក ហាំង ម៉េង អភិបាលស្រុក និងលោក ចាប ផាត ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយអំពិល បានអញ្ជើញចូលរួមដាំកូនឈើចំរុះអាស៊ានចំនួន៤០០ដើម ជាមួយភាគីថៃដឹកនាំដោយលោក វិណៃ តូចារើន អភិបាលស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាជនថៃជាច្រើននាក់ផងដែរ។ កូនឈើដែលដាំសរុបចំនួន៤០០ដើម ដាំលើផ្ទៃដីចំនួន៤រ៉ៃ ស្ថិតនៅភូមិសាយថូហុក ឃុំចាន់ថុបផេត ស្រុកបានគ្រួត ខេត្តបុរីរ៉ាំ។
លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល បានថ្លែងថា ប្រភេទកូនឈើរួមមាន ទី១៖ ដើមម៉ៃសាក់ចំនួន១៥០ដើម ទី២៖ ដើមបេងចំនួន១០០ដើម ទី៣៖ ដើមធ្នុងចំនួន១០០ដើម និងទី៤៖ និងកូនឈើចំរុះចំនួន៥០ដើម។
លោក ហាំង ម៉េង បានបន្តថា ការចូលរួមដាំកូនឈើ ដើម្បីឲ្យគេអាចកសាងសង្គមមួយកាន់តែបៃតងបញ្ចេញកាបូនតិច និងធន់នឹងការប្រែប្រួលអាកាសធាតុ។ ភាពប្រែប្រួលអាកាសធាតុ ត្រូវគេបន្ទោសថា គឺដោយសារមួយផ្នែកមកពីការកាប់បំផ្លាញព្រៃឈើផងកម្ពុជា យើងបានរងការបំផ្លាញ ដោយសារតែសង្គ្រាមស៊ីវិល និងបន្តមកទៀតដោយក្រុមឈ្មួញទុច្ចរិតមួយចំនួន។
លោកអភិបាលស្រុក បានបញ្ជាក់ថា បញ្ហាប្រែប្រួលអាកាសធាតុ មិនមែនមានតែប្រទេសកម្ពុជាតែមួយនោះទេ គឺគ្រប់ប្រទេសនៅលើសាកលលោក បានជួយបញ្ហានេះទាំងអស់គ្នា ដូច្នេះយើងត្រូវតែចូលរួមបន្តការដាំដើមឈើឡើងវិញ ដើម្បីទប់ស្កាត់បញ្ហាអាកាសធាតុប្រែប្រួល និងជួយបង្កើនឧស្ម័នអុកស៊ីសែន ដើម្បីជីវិតរស់របស់មនុស្សសត្វ លើភពផែនដីយើងនេះ៕