(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះថា ក្រសួងមហាផ្ទៃ កំពុងចាត់អ្នកជំនាញ ឲ្យពិនិត្យមើលផ្លូវច្បាប់ ដើម្បីចាត់វិធានការលើ បន្ទប់ស្ថានការណ៍បោះឆ្នោត ដែលបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិល ទាំងមិនទាន់ចុះបញ្ជីត្រឹមត្រូវតាមច្បាប់។ (សូមស្តាប់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន)
លោក ខៀវ សុភ័គ បានបញ្ជាក់ថា បន្ទប់ស្ថានការណ៍ ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិលមួយចំនួននោះ មិនទាន់បានចុះបញ្ជីឲ្យត្រឹមត្រូវ នៅក្រសួងមហាផ្ទៃនៅឡើយទេ ពេលនេះក្រសួងមហាផ្ទៃ កំពុងចាត់ឲ្យក្រុមជំនាញរបស់ខ្លួនតាមដានត្រួតពិនិត្យ មុននឹងមានចំណាត់ការតាមផ្លូវច្បាប់។
ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងកម្មវិធីរម្លឹកខួបលើកទី៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដោយស្នើឲ្យក្រសួងមហាផ្ទៃតាមដានសកម្មភាពរបស់ក្រុមមួយដែលហៅថា បន្ទប់ស្ថានការណ៍។ សម្តេចបានចាត់ទុកថា ក្រុមទាំងនោះបានធ្វើសកម្មភាព និងសេចក្តីថ្លែងការណ៍ ធ្វើឲ្យប៉ះពាល់ដល់រូបភាពការបោះឆ្នោតនៅកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទប់ស្ថានការណ៍បោះឆ្នោត ក្នុងនោះមានអង្គការសង្គមស៊ីវិលមួយចំនួន បានចេញសេចក្តីថ្លែងការណ៍មួយដោយវាយតម្លៃចុងក្រោយមួយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅកម្ពុជា មានភាពវិជ្ជមាន និងប្រសើរជាងមុន។
ប៉ុន្ដែទោះជាយ៉ាងណា បន្ទប់ស្ថានការណ៍ នៅតែអះអាងថា មានភាពមិនប្រក្រតី ដូចជា បរិយាកាសគាប់សង្កត់ខាងនយោបាយហិរញ្ញវត្ថុឃោសនា បោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះខាតសមធម៌ និងតម្លាភាព ការដាក់សម្ពាធដល់សេរីភាពបញ្ចេញមិត និងការគំរាមសកម្មភាពគណបក្ស ប្រកួតប្រជែងដែលទាំងនេះ ហើយនាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោត ស្ថិតក្នុងកំរិតរឹតត្បិតសេរីភាព។
សេចក្តីថ្លែងការណ៍របស់ បន្ទប់ស្ថានការណ៍ មានលក្ខណៈប្រហាក់ប្រហែលគ្នា នឹងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងនៅកម្ពុជា ដែលបានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិ៤ មិនទាន់បានបំពេញលក្ខខណ្ឌពេញលេញ តាមគោលការណ៍ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ៕