(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ប៉ា សុជាតិវង្ស ជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
ព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជាក់ថា «តែងតាំងឯកឧត្តម ប៉ា សុជាតិវង្ស ជាទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន»។
សូមបញ្ជាក់ថា លោក ប៉ា សុជាតិវង្ស ក៏ត្រូវបានព្រះមហាក្សត្រកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ដ្រីផងដែរ។
នៅរសៀលថ្ងៃនេះលោក ប៉ា សុជាតិវង្ស ត្រូវបានប្រកាសផ្លាស់ចេញពីតួនាទីអភិបាលរាជធានីភ្នំពេញជាផ្លូវការ ជំនួសដោយលោក ឃួង ស្រេង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕