(ភ្នំពេញ)៖ សមាគមគ្រូពេទ្យសើរស្បែកកម្ពុជា សហការជាមួយនឹងវិទ្យាស្ថានឯកទេសសើរស្បែក នៃទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលា បង្ហាញពីជំងឺសើរស្បែកផ្សេងៗ ដែលកើតមាន នៅលើរាងកាយរបស់មនុស្ស ទូទាំងពិភពលោក ក្នុងការបង្កើតភាពងាយស្រួល ដល់វេជ្ជបណ្ឌិតសើរស្បែកម្ពុជា ដឹងពីរោគសញ្ញានៃជំងឺ និងវិធីសាស្ដ្រព្យាបាលជំងឺបានឆាប់រហ័ស។
លោកចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើរស្បែកកម្ពុជា និងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា «សិក្ខាសាលា ដែលបានធ្វើឡើងនៅថ្ងៃនេះ ជាលើកទី១ហើយ ដែលក្រុមគ្រូពេទ្យឯកទេសសើរស្បែក ប្រចាំព្រះរាជាណាចក្រថៃ មកបង្ហាញ ពីវិធីសាស្ដ្រព្យាបាល និងរោគសញ្ញានៃជំងឺសើរស្បែក ដល់គ្រូពេទ្យកម្ពុជា ដើម្បីព្យាបាលជំងឺជូន ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែប្រសើរថែមទៀត ។
លោកវេជ្ជបណ្ឌិតបន្ថែមថា «ជាទូទៅជំងឺសើរស្បែក មិនបណ្ដាលឲ្យុប៉ះពាល់ ដល់ជីវិតនោះទេ ប៉ុន្តែបើជំងឺនេះ ទៅប៉ះពាល់ដល់សរីរាង្គផ្សេងៗទៀត ដូចជាបេះដូង សួត ថ្លើមជាដើម នោះ វានឹងធ្វើឲ្យប៉ះពាល់ជីវិតដែរ ពិសេសជំងឺមហារីកស្បែកតែម្ដង ប៉ុន្តែជំងឺនេះ មិនមានច្រើននោះទេ នៅកម្ពុជាដូច្នេះខ្ញុំក៏សូមអំពាវនាវ ទៅដល់ពលរដ្ឋទូទៅថា ទោះបីជំងឺប្រភេទសើស្បែកបែបណា ក៏ដោយ សូមកុំទុកយូរ រហួតទៅដល់ការរាលដាលធ្ងន់ធ្ងរឲ្យសោះ ពោលពេលដឹងថា សុខភាពមិនស្រួល ឬអាការៈស្បែក មានសភាពកន្ទួលខុសប្លែក គួរសង្ស័យ ត្រូវប្រញាប់ទៅរកគ្រូពេទ្យព្យាបាល ឲ្យបានទាន់ពេលវេលា ដើម្បីគ្រូពេទ្យពិនិត្យនិងព្យាបាលឆាប់ជាសះស្បើយ»។
គួរបញ្ជាក់ថា សិក្ខាសាលា បង្ហាញពីជំងឺសើរស្បែកគ្រប់ប្រភេទលើពិភពលោក ដែលបានបង្ហាញពីគ្រូពេទ្យឯកទេស ពីប្រទេស ថៃ ធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ គឺមានរយៈពេល១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ព្រឹកថ្ងៃទី២៩មិថុនា ដោយមានអ្នកចូលរួមសរុប ប្រមាណ១០០នាក់ផងដែរ៕