(កំពង់ឆ្នាំង)៖ ដោយសារតែស្ងាត់ពេក ពោលមានរយៈពេលជាងកន្លះឆ្នាំទៅហើយ ករណីបង្កអំពើហិង្សាមួយ ដែលបង្កឡើងដោយ២នាក់ប្តី-ប្រពន្ធ បានព្រួតវាយស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរផ្នែកក្បាល រហូតចង់ឆ្កួតលែងដឹងអី ប៉ុន្តែចាប់តាំងពីដាក់ពាក្យបណ្តឹងទៅមន្រ្តីអាវុធហត្ថ និងបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏រហូតមកដល់ពេលនេះ មិនមានចំណាត់ការអ្វីនោះឡើយ។
ដោយសារតែទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈពេលជាងកន្លះឆ្នាំមកហើយ នៅតែមិនទាន់ទទួលបាននោះ ទើបនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ សាច់ញាតិស្រ្តីរងគ្រោះ បានស្នើសុំឲ្យអង្គភាព Fresh News ជួយចុះផ្សាយផង ដើម្បីបានដឹងដល់ថ្នាក់លើជួយដោះស្រាយជូន ពីព្រោះរង់ចាំចំណាត់ការរបស់មន្រ្តីអាវុធហត្ថ និងមន្រ្តីតុលាការ ខេត្តកំពង់ឆ្នាំ ប្រៀបដូចជាកាប់បំពង់ឬស្សីរង់ចាំទឹកភ្លៀងយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា ស្រ្តីរងគ្រោះឈ្មោះ ទិត្យ ពន្លឺច័ន្ទ អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។ ដោយឡែក ជនដៃដល់ដែលប្រើហិង្សាឈ្មោះ ញឹក ថា និងប្រពន្ធឈ្មោះ ឆេង លីម មានទីលំនៅភូមិត្រពាំស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមដំណើររឿង៖ ស្រ្តីរងគ្រោះត្រូវបានជនបង្កពីរនាក់ប្ដី-ប្រពន្ធ ប្រើហិង្សាដោយព្រួតគ្នាវាយយ៉ាងដំ ហើយត្រូវបានក្រុមគ្រូសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសាស្ថានភាពធ្ងន់ធ្ងពេក ក៏បន្តចេញទៅព្យាបាលនៅឯមន្ទីរពេទ្យប្រទេសថៃ។ បើគិតមកដល់ពេលនេះមានរយៈកាលជាងកន្លះឆ្នាំហើយ ក្រោយពីដាក់ពាកបណ្ដឹង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបន្តនីតិវិធីសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងនោះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ។
បើតាមការៀបរាប់ពីក្រុមគ្រួសារស្រី្តរងគ្រោះ បានឲ្យដឹងថា អំពើហិង្សាខាងលើ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចឡត៍ចាក់ជ្រូក(ទីសត្វឃាដ) ភូមិទី១ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។ អំពើហិង្សានេះ ផ្ដើមចេញរឿងទិញជ្រូកប្រដេញថ្លៃគ្នា រវាងអាជីវករចាស់ និងអាជីវករថ្មី ទើបបង្កទំនាស់ពាក្យសម្ដី ឈានដល់ថ្នាក់ប្រើអំពើហិង្សា ដោយប្តីប្រពន្ធទាំង២នាក់ បានវាយទៅលើនារីរងគ្រោះបោកក្បាលរងរបួសធ្ងន់។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ស្រ្តីរងគ្រោះមានសតិមិនគ្រប់ ខណៈគ្រូពេទ្យប្រាប់ថា ប៉ះពាល់ដល់ក្បាលធ្ងន់ធ្ងរ៕