(ភ្នំពេញ)៖ មេដឹកនាំកំពូលរបស់ គណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធនេះ បានព្រមានជាថ្មីថាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា នឹងស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មីម្តងទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យទណ្ឌិត ឬអ្នកទោស អាចធ្វើសកម្មភាព នយោបាយតាមតែចិត្ត។ (សូមស្តាប់ប្រសាសន៍សម្តេច)
ការប្រកាសព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីអបអរសាទរដល់ខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បើវាមិនច្បាស់ យើងត្រូវធ្វើឱ្យច្បាស់ តើអ្នកទោសមានសិទ្ធិភ្ជាប់ខ្លួនទៅនឹងគណបក្សនយោបាយដែរឬទេ? ប្រសិនបើវាមិនគ្រប់គ្រាន់ យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពីបក្សនយោបាយ ដែលមុននេះមិនតម្រូវឱ្យអ្នកទោស ទទួលតួនាទីជាមួយនឹងឋានៈណាមួយ នៅក្នុងគណៈកម្មាធិការនាយក ឬប្រធានបក្សនោះទេ ប៉ុន្តែឥឡូវនេះ ការចេញមុខរបស់មនុស្សដែលគ្មានការអៀនខ្មាស់ តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច?»
សម្តេចតេជោ បានរិះគន់ថា «អ្នកទោស វាតែងតែបាត់បង់សិទ្ធិបោះឆ្នោត ចុះហេតុអ្វីអ្នកទោស បែរក្លាយទៅជាអ្នកបង្កសង្រ្គាមដែលបង្កសង្រ្គាមអត់ចេះឈប់។ ខ្ញុំសូមស្នើឱ្យសមាជិក សមាជិការសភានៃគណបក្សប្រជាជនកម្ពុជា ពិនិត្យមើល អាចស្នើសុំធ្វើវិសោធនកម្ម នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលកុំឱ្យអ្នកទោស ធ្វើសកម្មភាពតាមរបៀបនេះ ព្រោះរឿងនេះគឺជារឿងផ្លូវច្បាប់ មិនអាចលេងសើចបានទេ នៅក្នុងដំណើរការប្រជាធិបតេយ្យ»។
ទោះជាមិនបញ្ចេញឈ្មោះអំពីទណ្ឌិតដែលធ្វើសកម្មភាពនយោបាយខុសច្បាប់នោះក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ទំនងជាសម្តៅទៅលើទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលនិរទេសខ្លួនឯងទៅក្រៅប្រទេស ដែលទើបនឹងបានបង្កើតវីដេអូមួយ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីវាយប្រហារ និងលាបពណ៌យ៉ាងធ្ងន់ធ្ងរ ទៅលើគណបក្សប្រជាជនកម្ពុជា ដោយមិនខ្លាចមានទោស។
តាមរយៈវីដេអូដែលបង្ហោះនៅលើទំព័រ Facebook នោះ លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរំដោះប្រជាពលរដ្ឋខ្មែរ ឱ្យរួមផុតពីរបបប៉ុលពតថា ជាគណបក្សដែលបង្កើតឡើងដោយវៀតណាម ហើយធ្វើអ្វីៗតាមការបង្គាប់បញ្ជារបស់វៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះការវាយប្រហារនេះ។ សម្តេចចាត់ទុកថា ការវាយប្រហាររបស់ លោក សម រង្ស៊ី គឺជាការជេរប្រមាថលាបពណ៌ ដែលគណបក្សប្រជាជនកម្ពុជា មិនអាចអត់ធ្មត់ និងទទួលយកបាន។ សម្តេចបានថ្លែងបញ្ជាក់ថា «យើងមិនអាចទទួលយកបាន នូវការដែលគេជេរប្រមាថ មកលើគណបក្សរបស់យើង ដែលម្សិលមិញនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អត់ធ្មត់លែងបាន»។
ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងករណីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តចាត់ទុកថា លោក សម រង្ស៊ី គឺជាមនុស្សកំសាកម្នាក់ ដែលនិយាយអ្វី មិនទទួលខុសត្រូវ និងអនុវត្តតាមប៉ុណ្ណោះ។ សម្តេចបានថ្លែងថា កន្លងទៅអតីតមេដឹកនាំបក្សប្រឆាំងនេះ ប្រកាសថា បើរដ្ឋាភិបាលកម្ពុជា ដកហូតបម្រាម ដែលហាមយន្តហោះដឹកលោក មកកម្ពុជានោះ លោកនឹងត្រឡប់មកភ្លាម ទោះជាត្រូវជាប់ពន្ធនាគារក៏ដោយ ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាល ចេញប្រកាសលុបចោលបម្រាមនោះ បែរជា លោក សម រង្ស៊ី យកលេសនានា មិនព្រមមកកម្ពុជាតាមសម្តីរបស់ខ្លួនឯងទៅវិញ៕