(ភ្នំពេញ)៖ បុរសម្នាក់ចិត្តខ្លាំងម្នាក់ ដោយគ្រាន់តែទាស់សម្ដីគ្នានៅក្នុងវង់ផឹកស៊ី បានជិះម៉ូតូទៅយកកាំភ្លើង AK ដែលលាក់ទុកនៅក្រោយផ្ទះ យកមកគំរាមគូរជម្លោះ តែមិនបានសម្រេចត្រូវ គូរជម្លោះប្ដឹងសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានផឹកស៊ីជាមួយបក្ខពួក ដែលមានគ្នាចំនួន៧នាក់ នៅចំណុចកើតហេតុខាងលើ ពេលនោះសម្រាប់តែមានទំនាស់ពាក្យសម្តី ហើយជនសង្ស័យបានជិះម៉ូតូ ទៅយកកាំភ្លើងម៉ាក AK47 ដែលខ្លួនបានលាក់ទុកក្នុងកំពោចព្រៃខាងក្រោយផ្ទះ យកមកដាក់ក្នុងបាវ រួចជិះមកកន្លែងកើតហេតុវិញ ដោយបក្ខពួកបានឃើញជនសង្ស័យមានកាំភ្លើង បានប្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ភ្លាមនោះកម្លាំងក៏បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ រួមទាំងកាំភ្លើងតែម្តង។
នគរបាលដដែលបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អោ ហ៊ីម អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្នុងនោះដកហូតបានអាវុធម៉ាក AK47 ចំនួន០១ដើម, បង់កាំភ្លើងចំនួន០១, គ្រាប់ចំនួន៣០គ្រាប់ និងម៉ូតូ Honda Dream C125 ពាក់ស្លាកលេខភ្នំពេញ1FG-7333។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕