(កំពង់ស្ពឺ)៖ ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក ពេជ្រ ចន្តា រួមនិងលោកអភិបាលរងស្រុកសំរោងទង តំណាងការិយាល័យភូមិបាល មេឃុំ មេភូមិ តំណាងប្រជាពលរដ្ឋ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានទៅដល់លើផ្លូវដែលមានទំនាស់រ៉ាំរ៉ៃមួយកន្លែង ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រវាងក្រុមហ៊ុនឃេខាប់ភីថលអ៊ិនធើណាស់ សឺណាល់ ជាក្រុមហ៊ុនបូមខ្សាច់សម្រាប់លក់ និងប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីចុះត្រួតពិនិត្យជាក់ស្តែងពីផលប៉ះពាល់លើផ្លូវ ដែលមានវិវាទនឹងគ្នា។

លោកចៅក្រម ពេជ្រ ចន្តា បានលើកឡើងនៅចំពោះមុខក្រុមការងារទាំងអស់ថា ទំនាស់ដីផ្លូវនេះ បានកើតឡើងតាំងពី ឆ្នាំ២០១៦ មកម្ល៉េះ ហើយក៏មានការដោះស្រាយគ្នា​ តាំងពីថ្នាក់ក្រោមរហូតដោយមិនបានទទួលការផ្សះផ្សាគ្នា រហូតដល់ផ្លូវតុលាការ។

លោកចៅក្រមបន្តថា តាមសភាពជាក់ស្តែងពេលនេះ ភាគីក្រុមហ៊ុនឃេខាប់ភីថលអ៊ិនធើណាស់ សឺណាល់ មិនបានបិទផ្លូវទៀតទេ ហើយរឿងនេះ នឹងបន្តនីតិវិធីផ្លូវតុលាការ បន្តទៀតតាមច្បាប់ ឲ្យភាគីទាំងពីរអស់ចិត្ត។

លោក ទង់ ឆាយ អភិបាលរងស្រុកសំរោងទង បានលើកឡើងដែរថា នៅថ្ងៃនេះ​ មានការចូលរួមមែនតែអ្នកសម្រេច គឺអាស្រ័យលើស្ថាប័នតុលាការទេ រួមទាំងក្រុមជំនាញ ផ្សេងៗទៀត ជាអ្នកដោះស្រាយតាមច្បាប់។

លោកមេឃុំរលាំងគ្រើល បានលើកឡើងថា ផ្លូវនេះហាក់មិនអាចជួសជុលកសាងពង្រីកបន្ថែមបានទេ បើទោះបីភាគីស្រុះស្រួលគ្នាក៏ដោយ មូលហេតុស្ថានភាពមានការដាច់ខូចខាតជាច្រើនកន្លែង ដែលមិនអាចឲ្យរថយន្តធំធ្វើដំណើរបាននោះទេ បានត្រឹមរថយន្តតូចតាចល្មមៗតែប៉ុណ្ណោះ។

ប្រធានក្រុមហ៊ុន ឃេ ខាប់ភីថលអ៊ិនធើណាស់ សឺណាល់ មិនអាចសុំការបំភ្លឺបានទេ តែលោក វែង បញ្ញា ជាមេធាវីតំណាងដោយអាណត្តិរបស់ក្រុមហ៊ុន ឃេ ខាប់ភីថលអ៊ិនធើណាស់ សឺណាល់ បានលើកឡើងបញ្ហាផ្លូវនេះ មិនមានរឿងជាមួយប្រជាពលរដ្ឋនោះទេ តែតាមពិតមានទំនាស់ជាមួយក្រុមហ៊ុនខ្សាច់ ខាងក្រោយក្រុមហ៊ុននោះទៅវិញទេ មិនតែប៉ុណ្ណោះ ទំនាស់នេះបានអូសបន្លាយជាង១ឆ្នាំមកហើយ។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិជាច្រើនមានឈ្មោះ ប៊ួ វ៉ឹង បាននិយាយប្រាប់ឲ្យដឹងថាផ្លូវនេះរូបលោករួមទាំង ប្រជាជនដ៏ទៃទៀតបានដើរឆ្លងកាត់ជាយូរមកហើយ ពោលមិនតិចជាង២០ឆ្នាំទេ ហើយមានអ្នកភូមិមិនតិចជាង៧ភូមិឡើយដែលបានដើរកាត់ផ្លូវនេះ កន្លងមកផ្លូវនេះជាផ្លូវរទះគោ ដែលអ្នកភូមិតែងតែធ្វើដំណើរ៕