(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បានឯកភាពជាមួយរដ្ឋបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពលកម្មជំនាញ ខណៈវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងមានការលូតលាស់ និងស្របទៅនឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ការឯកភាពលើកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជាមួយលោក ចិន សិននីង អភិបាលរងខេត្តជាំងស៊ូ នៅទីក្រុងណានជីង នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
នាឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពយ៉ាងល្អរវាង កម្ពុជា-ចិន តាំងពីថ្នាក់ដឹកនាំសម័យមុនរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកបណ្ឌិត អ៊ិត សំហេង បានឲ្យដឹងថា ផ្តើមចេញពីចំណុចនេះ ធ្វើឱ្យការវិនិយោគពាណិជ្ជកម្មទេសចរណ៍ចិននៅកម្ពុជា កើនឡើងជាលំដាប់។ ភាគីកម្ពុជាបានអគុណចំពោះភាគីចិន ដែលបានផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់កម្ពុជា ជាពិសេសខេត្តជាំងស៊ូ បានគាំទ្របង្កើតឱ្យមានការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលប្រែក្លាយតំបន់នេះ ពីតំបន់វាលរហោដ្ឋានទៅជាតំបន់ឧស្សាហកម្ម មានរោងចក្រជាង១០០ និងផ្តល់ការងារដល់ប្រជាពលរដ្ឋជិត២ម៉ឺននាក់ មិនត្រឹមតែប៉ណ្ណោះ នាពេលអនាគត ភាគីទាំងពីរមានសុឆន្ទៈប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យទៅជាទីក្រុងទំនើបមួយ ដែលមានទាំងខ្សែចង្វាក់ផលិតកម្ម សេវាកម្ម លំនៅដ្ឋាន ព្រមទាំងសាលារៀន។
លោករដ្ឋមន្រ្តីបានបន្តថា ភាគីចិនក៏បានបង្កើតឱ្យមានវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ សម្រាប់ជួយអភិវឌ្ឍន៍ធនធានមនុស្ស មិនត្រឹមតែសម្រាប់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែក៏សម្រាប់លើកស្ទួយធនធានមនុស្ស ជាពិសេសលើវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ហើយនាពេលថ្មីៗនេះ ក៏មានការបើកឱ្យមានការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ដែលជើងហោះហើរនេះ បានបង្ករលក្ខណៈងាយស្រួលមួយកម្រិតទៀតដល់ការវិនិយោគ ព្រមទាំងបានទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើង សម្រាប់ប្រទេសកម្ពុជា។
សូមជម្រាបថា នាជំនួបខាងលើ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការខិតខំផ្តល់នូវការទាក់ទាញវិនិយោគទុនពីចិនថែមទៀត ជាពិសេសពីខេត្តជាំងស៊ូ ដែលជាខេត្តមានកំណើនសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិ ព្រមទាំងបានសន្យាថា នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការពលកម្មជំនាញ ស្របពេលដែលបច្ចុប្បន្ន នៅកម្ពុជាកំពុងមានការលូតលាស់ផ្នែកឧស្សាហកម្ម និងស្របទៅនឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា៕