(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងរិះគន់ខ្លាំងៗដល់គណបក្សសង្រ្គោះជាតិ ដែលម្ខាងប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត និងម្ខាងបែរជាខោកក្បាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)
ថ្លែងក្នុងពិធីអបអរសាទរខួបគម្រប់៦៦ឆ្នាំ នៃកំណើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសមាជិក សមាជិកាជាង៥ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់គណបក្សនយោបាយហ៊ានធ្វើ ហ៊ានទទួលខុសត្រូវខ្លួននិយាយពីការ ប្រកាសជោគជ័យ ប៉ុន្ដែបែរជាមកខោក្បាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រហូតដល់ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការបំភ្លឺ... ខ្ញុំគិតថាពួកគេ មិនផ្ដល់ឲ្យយើងនូវសេចក្ដីសុខណាមួយទេ យើងត្រូវតែតស៊ូជម្នះទប់ស្កាត់នូវអ្វីដែលជាធាតុអាសិរពិស និងសាហាវរបស់ពួកគេ»។
ការថ្លែងរិះគន់ខ្លាំងៗបែបនេះ របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងមកនេះ មិនទាន់បំពេញលក្ខខណ្ឌពេញលេញ តាមគោលការណ៍ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្ដែការដែលគណបក្សសង្គ្រោះជាតិចេញសេចក្ដីថ្លែងការណ៍នេះ វាហាក់ដូចជាផ្ទុយពីអ្វីដែលបានអួតអាង និងការប្រកាសក្ដែងៗពីដំបូងថា គណបក្សនេះទទួល ជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រោះតែខ្លួនទទួលបានចំនួនឃុំ-សង្កាត់ជិត៥០០ឃុំ-សង្កាត់។
ទង្វើទាំងអស់នេះហើយ ទើបធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន បានធ្វើការរិះគន់ខ្លាំងៗទៅវិញថា ម្ខាងប្រកាសទទួលស្គាល់លទ្ធផល និងម្ខាងទៀតខោលក្បាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទាំងនេះហើយ ស្ដែងចេញនូវភាពក្រឡែកក្រឡុក គ្មានការទទួលខុសត្រូវរបស់គណបក្សប្រឆាំងមួយនេះ។
ពាក់ព័ន្ធជាមួយសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនេះផងដែរ, អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលភ្លាមៗ ដោយចាត់ទុកថា ការនិយាយរបស់ CNRP ក្នុងសេចក្តីថ្លែងការណ៍នោះ គឺជាការមួលបង្កាច់គ្មានការពិត គ្មានមូលដ្ឋានច្បាស់លាស់ និងសូមថ្កោលទោសយ៉ាងដាច់អហង្កា។
ក្នុងសេចក្តីថ្លែងការរបស់ CPP បានសង្កត់ធ្ងន់ថា «អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការនិយាយមួលបង្កាច់ គ្មានការពិត និងគ្មានការទទួលខុសត្រូវ របស់គណបក្សសាង្គ្រោះជាតិ ដែលធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណៈមតិជាតិ និង អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»៕