(ភ្នំពេញ)៖ វីរៈកីឡាការិនីតេក្វាន់ដូដ៏ឆ្នើមរបស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានឡើងទៅជុំទី២ ដោយជោគជ័យហើយ បន្ទាប់ពីផ្តួលជើងខ្លាំងជនជាតិអេហ្ស៊ីបកីឡាការិនី Farouk Maison នៃវគ្គជម្រុះដំបូងក្នុងព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៨ ខែមិថុនានេះ ក្នុងវគ្គ៣២នាក់។
ការប្រកួតដែលបានធ្វើឡើងនៅថ្ងៃត្រង់ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ នេះ ម្ចាស់មេដាយមាសកីឡាតេក្វាន់ដូអាស៊ី ស៊ន សៀវម៉ី បានផ្តួលកីឡាការិនី Farouk ប្រភេទទម្ងន់ ៧៣គីឡាក្រាមដោយលទ្ធផលពិន្ទុ ៩ ទល់នឹង ៦ ដែលមានលេខរៀងខុសគ្នាតែតែ ៧លេខប៉ុណ្ណោះ ពោលគឺ សៀវម៉ី កំពុងឈរលេខរៀងទី២៦២០ ពិភពលោក គ្រាដែលគូប្រកួត គឺកីឡាការិនី Farouk Maisoun ឈរលេខរៀងទី២៦១៣ ពិភពលោក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Muju WTF World Taekwondo Championship 2017 នេះ គឺមានអត្តពលិកចំនួន ១,៧០០នាក់ មកពី ១៨១ប្រទេសលើពិភពលោកចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ-កីឡាការិនី ៥នាក់ទៅចូលរួមផងដែរ ប៉ុន្ដែកីឡាករ-កីឡាការិនី ២រូប បានធ្លាក់ទៅហើយ រួមមានកីឡាករ វ៉ាន់ ឬទី្ធ ប្រកួតចាញ់កីឡាករ Sawadogo Faysal ជនជាតិ Burkina Faso ក្នុងប្រភេទទម្ងន់ក្រោម ៦៤គីឡូក្រាម និងកីឡាការិនី អ៊ុនវ៉ិន សុចិរង្ស៊ី ចាញ់កីឡាការិនីកាណាដា Dallaire Leblaanc Camille ក្នុងប្រភេទទម្ងន់ក្រោម ៤៩គីឡូក្រាម៕