(ក្រចេះ)៖ បុរសម្នាក់ខឹងគេវាយម្ដាយក្មេកខ្លួនឯង ក៏ទៅយកកាំបិតចិតបន្លែចាក់១កាំបិត បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ តែត្រូវកម្លាំងនគរបាលស្រុកសំបូរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរគ្រៀងឃាត់ខ្លួន ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមហ៊ុន «ដុងភូរក្រចេះ» អភិវឌ្ឍន៍កៅស៊ូ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។
លោក ណយ ស៊ីថា អធិការរងទទួលការងារយុត្តិធម៌ស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភិន សុផា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្ថិតនៅចំណុចក្រុមហ៊ុន «ដុងភូរក្រចេះ» អភិវឌ្ឍន៍កៅស៊ូ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រីឯជនរងគ្រោះ ឈ្មោះ ភុក ភី ភេទប្រុស រស់នៅក្នុង ភូមិឃុំជាមួយគ្នា។
លោក ណយ ស៊ីថា បានបញ្ជាក់ថា មុននឹងឈានដល់ការប្រើអំពើហិង្សា ដោយជនសង្ស័យយកកាំបិតចិតបន្លែ មកចាក់ជនរងគ្រោះឲ្យរងរបួសធ្ងន់បែបនេះ គឺដោយសារមូលហេតុមកពី ឈ្មោះ ភុក ភី បានរករឿងលើក្រុមគ្រួសារលោក ភិន សុផា ហើយឈ្មោះ ភុក ភី បានវាយម្តាយក្មេក លោក ភិន សុផា ២ដៃ ពេលនោះលោក ភិន សុផា បានចូលឃាត់ ស្រាប់តែជនរងគ្រោះ និងបក្ខពួក២នាក់ទៀត បានព្រួតវាយឈ្មោះ ភិន សុផា ហើយឈ្មោះ ភិន សុផា ខឹងពេក ក៏ទៅយកកាំបិតចិតបន្លែ មកចាក់ជនរងគ្រោះចំពោះ១កាំបិតតែម្ដង។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕