(ព្រះវិហារ)៖ ស្របពេលដែលតម្លៃទីផ្សារកសិផល របស់បងប្អូនប្រជាកសិករមានការធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ក៏ដូចជា ការដាំដុះនោះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ មន្រីរកសិកម្មខេត្តព្រះវិហារ បានសហការជាមួយអង្កការទស្សនៈពិភពលោក រួមជាមួយក្រុមហ៊ុន និងសហគមន៍កសិកម្មទាំង៣៥ ក្នុងខេត្ត បានរៀបចំកម្មវិធី ធុរៈកិច្ចសហគមន៍កសិកម្ម ក្នុងទិសដៅធ្វើការពិភាក្សាស្វែងរកទីផ្សារសម្រាប់លក់កសិផលរបស់ប្រជាពលរដ្ឋ និងរៀបចំគំរោងផែនការ សំរាប់ផលិតកសិផលដើម្បីតម្រូវការតាមទីផ្សារ។
ពិធីនេះបានធ្វើឡើងស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោកស្រីអភិបាលរងក្រុងព្រះវិហារ និងលោកប្រធានអង្កការទស្សនៈពិភពលោក ប្រចាំខេត្តព្រះវិហារ ព្រមទាំងមន្រ្តី និងដៃគូរពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក ពឹង ទ្រីដា បានថ្លែងថា ការជួបជុំគ្នាក្នុងថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ហើយលោកអភិបាលខេត្តព្រះវិហារ អ៊ុន ចាន់ដា បានជុំរុញឲ្យមន្ទីរកសិកម្ម ត្រូវយកចិត្តទុកផ្សព្យផ្សាយដល់បងប្អូនប្រជាពលរដ្ឋ យល់ដឹងក្នុងការផលិតកសិផលផ្សេងៗ ដើម្បីធានាបានការផ្គត់ផ្គង់តម្រូវការតាមទីផ្សារ។ លោកបន្តថា «លោកអភិបាលខេត្ត គាត់មានការគិតគូរខ្លាំងណាស់ ចំពោះតម្លៃទីផ្សារកសិផលប្រជាកសិករយើង ហើយលោកនឹងរៀបចំពិធីមួយជួបសំណេះសំណាលជាមួយ បងប្អូនក្នុងពេលឆាប់ៗនេះ»។
ប្រធានមន្ទីរកសិកម្មរូបនេះ បានថ្លែងបន្តអំពីការធ្លាក់ថ្លៃរបស់កសិផល ដែលកសិករយើងផលិតបាន ដូចជា៖ ដំឡូង ល្ពៅ ចេក.....ជាដើម។ លោកថា កាលពីមុនបងប្អូន គាត់ដាំដំណាំមានកំរិត តែបច្ចុប្បន្ននេះការដាំវាហួសផែនការ ដូច្នេះត្រូវមានការពិបាករឿងរកទីផ្សារហើយ។ លោកបញ្ជាក់ថា «បើយើងចងក្រងជាសហគមន៍ ហើយដាក់ផែនការដាំ ដោយមានកុងត្រាជាមួយក្រុមហ៊ុន នោះយើងនឹងមិនពិបាករកទីផ្សារនោះទេ ហើយសហគមន៍នោះទៀតសោធ ត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន មិនមែនពេលដំឡូងបានថ្លៃ បែរជាយកដីខ្សាច់បង្កប់ជាមួយនោះ វាមិនកើតទេ គេទិញតែម្តង គេឈប់ហើយ ដែលបញ្ហានេះ វាមានផលវិបាកតែប្រជាពលរដ្ឋប៉ុណ្ណោះ។ ដូច្នេះយើងជាប្រធានសហគមន៍ ត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន»។
លោក ពឹង ទ្រីដា បានបន្តទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេកប៊ុក ឃើញគេបង្ហោះកាប់ចេកចោល កាប់ម្រេចចោល ដោយហេតុផលថា គ្មានទីផ្សារ ត្រង់ចំណុចនេះ លោកគូសបញ្ជាក់ជាហេតុផលនយោបាយច្រើនជាង គឺគេចង់រិះគន់អាជ្ញាធរមិនយកចិត្តទុកដាក់ និងរាជរដ្ឋាភិបាលមិនបានស្វែងរកទីផ្សារជូន។
លោកបន្តថា ពេលនេះចេកនៅខេត្តព្រះវិហារមួយស្និតតម្លៃ៧០០ទៅ៨០០រយរៀល ដូច្នេះអ្នកសំដែងតាមហ្វេកប៊ុក ជាហេតុផលនយោបាយច្រើនជាង។ លោកបានណែនាំឲ្យកសិករយើងដាំដំណាំ ត្រូវតាមលក្ខណៈបច្ចេកទេសទើបមានទីផ្សារ ហើយលោកសូមអរគុណចំពោះអង្កការទស្សនៈភិភពលោក ដែលបានសហការក្នុងទិសដៅជួយបង្កើនកំរិតជីវភាពប្រជាកសិករយើង ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល៕