(ព្រៃវែង)៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៣នាក់ នៅ២កន្លែងផ្សេងគ្នា គឺនៅស្រុកពាមរក៌ និងស្រុកស្វាយអន្ទរ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ។
មន្រ្តីអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១៖ ឈ្មោះ ណាត់ ចំណាន ហៅក្រៅ ខ្ចឹប អាយុ១៨ឆ្នាំ រស់នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌ស១កញ្ចប់ទំងន់០,៣០ក្រាម, ម៉ូតូចំនួន១គ្រឿង, ទូរសព្ទ័ដៃ១គ្រឿង។
ហើយនៅថ្ងៃដដែលវេលាម៉ោង២៣.២៥នាទី កម្លាំងជំនាញ បានចុះបង្រា្កបបទល្មើសគ្រឿងញៀនមួយកន្លែងទៀត នៅចំណុចភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវេង។ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ ឈ្មោះ គង់ សុខណេម មុខរបរកម្មកររស់នៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល និង២៖ ឈ្មោះ ហុង លីន អាយុ២៧ឆ្នាំ មុខរបកម្មកររស់នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍ស ចំនួន២កញ្ចប់ទម្ងន់១.២៥ក្រាម,ម៉ូតូ១គ្រឿង, ទូរសព្ទ័ចំនួន៣គ្រឿង។
បច្ចុប្បន្នជង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បញ្ជូនខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕