(បាត់ដំបង)៖ គ្រោះធម្មជាតិរន្ទះបាញ់ បានឆក់យកជីវិតក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លាប់ភ្លាមៗ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិទួលល្វៀង ឃុំអូរដំបងពី ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា កាលពីរសៀលម៉ោង១៤និង៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចភូមិ ទួលល្វៀង ឃុំអូរដំបងពី ស្រុកសង្កែ ខេត្តបាត់ដំបង គ្រោះធម្មជាតិរន្ទះបាញ់ បានកើតឡើងលើកុមារា អាយុ១៤ឆ្នាំម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈពេលកុមារារងគ្រោះនោះ កំពុងដើរលេងនៅវាលស្រែ ខណៈមេឃកំពុងភ្លៀងរលឹម អមដោយផ្គររន្ទះទើបមានគ្រោះថ្នាក់បាត់បង់ជីវិតតែងម្តង។
សមត្ថកិច្ចដដែល បានបញ្ជាក់ថា កុមារារងគ្រោះដែលបានស្លាប់នោះមានឈ្មោះ ឈឹម ភារុណ អាយុ១៤ឆ្នាំ រស់នៅក្រុមទី២១ ភូមិឃុំកន្លែងកើតហេតុ ខាងលើ។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕