(ព្រះសីហនុ)៖ ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងរក្សាសណ្ដាប់ធ្នាប់ក្នុងសង្គម កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបង្ក្រាបក្រុមចោរឆក់២នាក់ ដែលបានធ្វើសកម្មភាពឆក់ជនបរទេស។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ការបង្ក្រាបក្រុមចោរឆក់នេះធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាព នៅឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ នៅពេលដែលជនរងគ្រោះចុះលេងទឹកសមុទ្រ ហើយក្រោយពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងឈានទៅដល់ការចាប់ឃាត់ខ្លួនតែម្ដង។
លោកបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់នេះ រួមមានឈ្មោះ បាត់ ប៊ុនហុង អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និងឈ្មោះ នៅ សីហា អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្រោយឃាត់ខ្លួនកម្លាំងនគរបាលដកហូតបាន ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស (បិតក្រហម), កាបូបស្ពាយចំហៀង០១, កាបូបដៃ០២, គ្រឿងសំអាងមួយចំនួន, សំលៀកបំពាក់ (រ៉ូប)០១កំផ្លេរ, វីសាកាត (VISA CARD) ០៣។
ដោយឡែកជនរងគ្រោះឈ្មោះ OVHINNIKOVA SVETLANA អាយុ២៧ឆ្នាំស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕